បរទេស៖ ប្រជាជនស៊ីរីរាប់ម៉ឺននាក់ តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានភៀសខ្លួនរត់ចោល ផ្ទះសម្បែងរបស់ពួកគេ និងធ្វើដំណើរឆ្ពោះទៅព្រំដែនតួកគី ក្រោយមានការវាយប្រហារជាច្រើនរបស់រដ្ឋាភិបាល នៅក្នុងខេត្ត Idlib។
ក្រុមសម្របសម្រួលឆ្លើយតបស៊ីរី បាននិយាយថា ជនស៊ីវិលបានបោះបង់ចោលផ្ទះសម្បែង ក្នុងរយៈពេលពីរថ្ងៃនាសប្ដាហ៍នេះ ដើម្បីរត់គេចពីតំបន់ដែលគេចាត់ទុកថា ជាតំបន់គ្មានភាពតានតឹង នៅក្នុងប្រទេសស៊ីរី ហើយលោក Mohammad Hallaj ជានាយកនៃក្រុមសម្របសម្រួលឆ្លើយតបស៊ីរីនេះ បានមានប្រសាសន៍ថា គ្រួសារជិត១២.០០០នាក់ កំពុងតែគ្មានផ្ទះសម្បែង ព្រោះតែការប្រយុទ្ធគ្នា រវាងកងកម្លាំងដែលមានភក្តីភាព ចំពោះប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ និងកងកម្លាំងពួកឧទ្ទាម នៅតែកំពុងប្រព្រឹត្តទៅ។
ក្រុមមនុស្សធម៌ការពារជនស៊ីវិលស៊ីរី ឬក៏ហៅថា ក្រុមមួកស បាននិយាយថា រដ្ឋាភិបាលរបស់លោក អាសាដ និងកងកម្លាំងរុស្ស៊ី បានវាយប្រហារទីក្រុង Ariha ជំរុំ Maaratal Numan និងជំរុំមួយនៅជិតទីក្រុង Saraqib កាលពីថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បង្កឲ្យជនស៊ីវិលជាច្រើននាក់រងរបួស និងមនុស្សប្រហែល៣៦.០០០នាក់ បានរត់ភៀសខ្លួន៕
ប្រែសម្រួល៖ ប៉ាង កុង