បរទេស៖ ប្រទេសបារាំងបានប្រកាស ពីករណីឆ្លងវីរុសកូរ៉ូណាវីរុស ដែលបានបញ្ជាក់ ជាលើកដំបូងរបស់ខ្លួន បន្ទាប់ពីមានសេចក្តីថ្លែងការណ៍មួយពី រដ្ឋមន្រ្តីក្រសួងសុខាភិបាល របស់ប្រទេសនេះ។
យោងតាមសារព័ត៌មាន INDEPENDENT ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបារាំង លោកស្រី Agnes Buzyn បាននិយាយថា ករណីមួយនៃវីរុស ត្រូវបានបញ្ជាក់នៅទីក្រុង Bordeaux ខណៈដែលករណីទី ២ ត្រូវបានរកឃើញនៅក្បែរទីក្រុងប៉ារីស ដែលជាករណីដំបូងនៃវីរុសរលាកសួត នៅអឺរ៉ុប។
មិនយូរប៉ុន្មានករណីទីបី ដែលត្រូវបានគេជឿថា ជាសមាជិកគ្រួសារម្នាក់ក្នុងចំណោមអ្នកដែលត្រូវបាន ប្រកាសរួចហើយនោះ ត្រូវបានបញ្ជាក់នៅក្នុងប្រទេស។
រដ្ឋមន្រ្តីសុខាភិបាលបារាំង ដែលបាននិយាយថា ករណីដំបូងទាំងពីរ គឺអ្នកជំងឺបានធ្វើដំណើរ ទៅកាន់ប្រទេសចិន លោកស្រីបានបន្ថែមថា លោកស្រីរំពឹងថា នឹងមានការលេចចេញជាថ្មីទៀត នៅក្នុងព្រំដែននៃប្រទេស។
លោកស្រីមានប្រសាសន៍ថា “ យើងឃើញថា វាលំបាកយ៉ាងណាក្នុងពិភពលោកសព្វថ្ងៃ ដើម្បីបិទព្រំដែន។ តាមពិតវាមិនអាចទៅរួចទេ”៕
ប្រែសម្រួលៈ ណៃ តុលា