ព័ត៌មានអន្តរជាតិ

វីរុសរលាកសួតថ្មី ឆ្លងមកដល់ ប្រទេសវៀតណាម ២នាក់ហើយ

បរទេស៖ ជនជាតិចិនពីរនាក់ត្រូវបាន គេបញ្ជូនទៅមន្ទីរពេទ្យ Saigon កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីពួកគេបានធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុសជំងឺរលាកសួត ដែលមានដើមកំណើតនៅទីក្រុង វូហាន ប្រទេសចិន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកតំណាងមន្ទីរពេទ្យជោរៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកលីឌីង អាយុ ៦៦ ឆ្នាំ និងកូនប្រុសរបស់គាត់ឈ្មោះ លីហ្សកឆាវ អាយុ ២៨ ឆ្នាំ ត្រូវឆ្លងជំងឺនេះក្នុងចំណោមពួកគេ។ នេះគឺជាករណីដែលត្រូវបាន បញ្ជាក់ដំបូងបង្អស់របស់វៀតណាមចំពោះ បុគ្គលដែលឆ្លងវីរុសថ្មីនេះ (nCoV) បន្ទាប់ពីវាត្រូវបានគេរកឃើញដំបូងនៅទីក្រុង វូហាន កាលពីខែធ្នូ។

វេជ្ជបណ្ឌិត ង្វៀនង៉ុកសាង គ្រូពេទ្យនៅនាយកដ្ឋានជំងឺត្រូពិកបាននិយាយថា លោក ឌីង បានទៅដល់ទីក្រុងហាណូយ ពីទីក្រុងវូហានកាលពីថ្ងៃទី ១៣ ខែមករា មុនពេលបន្តដំណើរទៅណ៉ាត្រាងភាគកណ្តាល ខេត្តខាញហៅ។ កូនប្រុសរបស់គាត់ឈ្មោះ ហ្សកឆាវ ដែលបានរស់នៅក្នុងខេត្តឡុងអាន អស់រយៈពេល ៤ ខែមកហើយ បានទៅលេងគាត់នៅ ញ៉ាត្រាង។ វេជ្ជបណ្ឌិត សាង បាននិយាយថា ពួកគេទាំងពីរបានធ្វើដំណើរទៅសៃហ្គន និងឡុងអាន ដែលនៅក្បែរនោះក្រោយមក។

លោក ឌីង មានអាការៈក្តៅខ្លួននៅថ្ងៃទី១៧ ខែមករា ហើយកូនប្រុសរបស់គាត់ ក៏មានអាការៈដូចគ្នាកាលពីថ្ងៃទី ២០ ខែមករា។ ទាំងពីរនាក់ឪពុកកូន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជោរៃ នៅយប់ថ្ងៃពុធ៕

ប្រែសម្រួលៈ ណៃ តុលា

To Top