ថ្ងៃទី២៤ ខែមករា ជាថ្ងៃដាច់ឆ្នាំតាមចន្ទគតិចិន ។ យប់ថ្ងៃដដែល រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២០បានប្រារព្ធធ្វើយ៉ាងល្អឆើតឆាយ ដោយបានប្រើប្រាស់បច្ចេកវិទ្យាថ្មីដូចជា 5G និងយន្តហោះបញ្ជាដ្រួនជាដើម ក្នុងន័យនាំមកនូវកម្មវិធីច្នៃប្រឌិតថ្មី ដែលប្រកបដោយភាពរួម បញ្ចូលគ្នារវាងបច្ចេកវិទ្យានិងវប្បធម៌ ជូនចំពោះទស្សនិកជន ពិភពលោកទាំងមូល ។
រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនលើកនេះមានរយៈពេល ២៦០នាទី ក្នុងនោះរួមមានទាំងកម្មវិធីចម្រៀង របាំវេទមន្ត សៀក ល្ខោនហ៊ី និងកម្មវិធីជជែកកម្សាន្តជាដើម ។ រាត្រីសមោសរលើកនេះ បានផ្តោតសំខាន់ទៅលើ ប្រធានបទយុគសម័យនិងចំណុចក្តៅក្នុងសង្គម ក្នុងន័យបញ្ចេញមនោសញ្ចេតនាស្រឡាញ់ញាតិសន្តាន និងស្រឡាញ់ស្រុកកំណើត ច្រៀងសរសើរប្រជាជាន និងជូនពរមាតុប្រទេស ដើម្បីស្វែងរក និងសម្រេចបាននូវសុបិន ក៏ដូចជាសុំសេចកី្តសុខនិងសិរីមង្គល មានកម្មវិធីច្រៀងចម្រៀងជនជាតិផងហើយក៏មានការរាំរបាំឌីស្កូផង កម្មវិធីដ៏ល្អឆើតឆាយដែលរួមបញ្ចូលភាពប្រពៃណី និងទាន់សម័យបានក្លាយជា រាត្រីសមោរមួយលើកប្រកបដោយវប្បធម៌ យប់ដាច់ឆ្នាំតាមប្រពៃណីចិន ។ ដើម្បីទប់ទល់នឹងជំងឺរលាកសួត បង្កឡើងដោយវីរុសការ៉ូណាប្រភេទថ្មី រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានបន្ថែមនូវកម្មវិធីពិសេសមួយ ក្រោមចំណងជើងថា «ក្តីស្រឡាញ់ជាស្ពាន» ដើម្បីជួយគាំទ្រក្រុងវ៉ូហាន និងលើកទឹកចិត្តប្រទេសចិន ។
សូមបញ្ជាក់ថា រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះបានតុបតែងឆាកបីជាន់ ហើយបានប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ច្នៃប្រឌីតថ្មីដើម្បីបង្កបង្កើត ជាឆាកមូលដែលមាន ៣៦០ដឺក្រេ ទស្សនិកជនមិនបាច់ពាក់វ៉ែនតា 3D ទេ ក៏អាចទទួលអារម្មណ៍ថ្មីក្នុងពេលទស្សនា ។ ព្រមជាមួយគ្នានេះ មនុស្សយន្ត និងយន្តហោះបញ្ជាដ្រួន ក៏បានចូលរួមការថតរូប និងផលិតកម្មវិធីផងដែរ និងបានសម្រេចបាននូវការ ផ្សាយផ្ទាល់តាមបច្ចេកវិទ្យា VR បច្ចេកវិទ្យាច្នៃប្រឌិតថ្មីជាច្រើនធ្វើឱ្យរាត្រី សមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនឆ្នាំនេះពោរពេញ ទៅដោយវិទ្យាសាស្ត្រ និងបច្ចេកទេសខ្ពស់ ។
ក្រៅពីឆាកសំខាន់នៅក្រុងប៉េកាំង រាត្រីសមោសរអបអរសាទរឆ្នាំថ្មីប្រពៃណីចិនលើកនេះនឹង បើកឆាកសំដែងបន្ទាប់បន្សំ ចំនួនពីរនៅក្រុងចឹងចូវខេត្តហឺណាន ភាគកណ្តាលប្រទេសចិន និងមហាតំបន់ឈូងសមុទ្រក្វាំងតុង ហុងកុង និងម៉ាកាវដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន ដែលនឹងបង្ហាញពីលក្ខណៈ ពិសេសខាងវប្បធម៌យ៉ាងខ្លាំង។ រាត្រីសមោសរអបអរសាទរឆ្នាំថ្មី ប្រពៃណីចិននឹងផ្សព្វផ្សាយតាមប្រព័ន្ធសារព័ត៌មាន គ្រប់ប្រភេទ ពិសេសគឺផ្សាយផ្ទាល់នៅទូទាំងពិភពលោកតាមរូបភាពអេក្រង់ធំ និងអេក្រង់តូចរួមសហការគ្នាដែលជាការច្នៃប្រឌិតថ្មី ខាងបច្ចេកទេស។
ឆ្នាំ២០២០នេះ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងផលិតនិងដាក់ចេញភាពយន្តឈ្មោះ «រាត្រីសមោសរអបអរសាទរឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២០»។ ប្រព័ន្ធសារព័ត៌មានជាង ៥០០នៃប្រទេសជាង១៧០ ដូចជាអាមេរិក អង់គ្លេស ជប៉ុន រុស្ស៊ី ប្រេស៊ីល សិង្ហបុរី ម៉ាឡេស៊ី ថៃនិងឡាវជាដើម ក៏ដូចជារោងភាពយន្តនៃប្រទេសនិងតំបន់ជាង២០ នឹងចាក់ផ្សាយ និងចាក់បញ្ចាំងកម្មវិធី រាត្រីសមោសរអបអរសាទរឆ្នាំថ្មីប្រពៃណីចិន និងភាពយន្តឈ្មោះ «រាត្រីសមោសរអបអរសាទរឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២០»។
សូមបញ្ជាក់ថា រាត្រីសមោសរអបអរសាទរឆ្នាំថ្មី ប្រពៃណីចិនដែលចាប់ផ្តើមកាលពីឆ្នាំ១៩៨៣ ជារាត្រីសមោសរសិល្បៈ ចម្រុះធុនធំមួយដែលស្ថានីយទូរទស្សន៍ជាតិចិន ដាក់ចេញដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីចិនក្នុងយប់ ដាច់ឆ្នាំតាមចន្ទគតិចិន។ ជាង៣០ឆ្នាំកន្លងមក រាត្រីសមោសរអបអរសាទរឆ្នាំថ្មី ប្រពៃណីចិនបានកំដរគ្រួសាររាប់មិនអស់លាចាកឆ្នាំចាស់ និងអបអរទទួលឆ្នាំថ្មី ដែលត្រូវបានគ្រឹះស្ថានឯតទគ្គកម្មពិភពលោក ហ្គី ណេស បញ្ជាក់ថា ជាកម្មវិធីទូរទស្សន៍ដែលមានទស្សនិកជន ច្រើនជាងគេលើពិភពលោក។ នាយប់ដាច់ឆ្នាំដែលជាឱកាស ក្រុមគ្រួសារជួបជុំគ្នា ការធ្វើនំគាវ ទស្សនាកម្មវិធីរាត្រីសមោសរ អបអរសាទរឆ្នាំថ្មីប្រពៃណីចិន ហូបបាយជាមួយ សមាជិកក្នុងគ្រួសារ និងចែកអាំងប៉ាវបានក្លាយទៅជាវប្បធម៌ទំនៀមទម្លាប់ ក្នុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនហើយ៕