ព័ត៌មានអន្តរជាតិ

រញ្ជួយដីកម្រិត ៦.៨រ៉ិកទ័រ នៅតួកគី ស្លាប់ជិត ២០នាក់ និងរាប់រយនាក់របួស ខណៈរាប់សិបនាក់ជាប់ក្រោមគំនរថ្ម

បរទេស៖ គ្រោះមហន្តរាយធម្មជាតិរញ្ជួយដី នេះបានឆក់យកអាយុជីវិតមនុស្សយ៉ាងតិច ១៨ នាក់ និងបន្សល់ទុកមនុស្ស ៥៥៣ នាក់ទៀតរងរបួស ខណៈក្រុមជួយសង្គ្រោះ នៅតែព្យាយាមជួយសង្គ្រោះអ្នកដែលស្ថិតនៅក្រោមគំនរបាក់បែក។ ការរញ្ជួយដីនេះ ក៏បានរង្គោះរង្គើដល់ប្រទេសស៊ីរី និងអ៊ីរ៉ាក់ លីបង់និងអ៊ីស្រាអែលផងដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា មជ្ឈមណ្ឌលសិក្សារញ្ជួយដីមេឌីទែរ៉ាណេអឺរ៉ុប (EMSC) បានរាយការណ៍ថា ការរញ្ជួយដីកម្រិត ៦.៨ រិចទ័របានវាយប្រហារភាគខាងកើត ប្រទេសតួកគីនៅម៉ោង ៨ និង ៥៥ នាទីល្ងាចម៉ោងក្នុងស្រុក កាលពីថ្ងៃសុក្រ។ ចំណុចកណ្តាលនៃការរញ្ជួយដីនេះស្ថិតនៅចម្ងាយ ២១០ គីឡូម៉ែត្រ ភាគឦសាននៃតំបន់ Gaziantep និង ១០ គីឡូម៉ែត្រខាងជើងក្រុង Doganyol នៅជម្រៅ ២ គីឡូម៉ែត្រ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគីលោក Suleyman Soylu បាននិយាយថា ការរញ្ជួយដីបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៨ នាក់ និង ធ្វើឲ្យ មនុស្ស ៥៥៣ នាក់ផ្សេងទៀតរងរបួស។ យ៉ាងហោចណាស់មានមនុស្ស ៣០នាក់ ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនៅក្រោ មគំនរបាក់បែកនៅឡើយ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាម EMSC ដែលបានមើលឃើញផែនទី នៃតំបន់ដែលរងផលប៉ះពាល់ការរញ្ជួយនេះ អាចត្រូវបានទទួលការរំញ័រ ដល់ប្រជាជនប្រហែល ១២០ លាននាក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top