បរទេស៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី S-400 គឺត្រូវគ្នាជាមួយអង្គណាតូ ដែលចំបាច់ត្រូវតែ បង្កើតក្រុមការងារសិក្សាអំពីវា។
លោកបានថ្លែងបន្តទៀតថា “មានការអះអាងថា ប្រព័ន្ធការពារដែនអាកាស S-400 និងយន្តហោះចម្បាំង F-35 មិនស៊ីគ្នា នោះគឺជាការអះអាង។ នេះគឺជាសំណើរបស់យើង សូមឲ្យបង្កើតក្រុមការងារ ហើយអង្គការណាតូ អាចធ្វើការដឹកនាំលើបញ្ហានេះ និងសូមឲ្យអ្នកជំនាញធ្វើការវាយតម្លៃ និងផ្តល់លទ្ធផលឲ្យយើងវិញ”។
នៅក្នុងអំឡុងធ្វើកិច្ចពិភាក្សាគ្នា នៅជំនួបប្រចាំឆ្នាំសម្រាប់វេទិកាសេដ្ឋកិច្ចពិភលោក នៅទីក្រុង Davos លោករដ្ឋមន្ត្រីការបរទេសតួកគីរូបនេះ បានបន្តទៀតដូច្នេះថា “យើងជឿថា ប្រព័ន្ធការពារដែនអាកាស S-400 និងយន្តហោះចម្បាំង F-35 គឺត្រូវគ្នា វាមិនបង្កការគម្រាមកំហែងណាមួយ ចំពោះប្រព័ន្ធអាវុធណាតូ ឬក៏ចំពោះសម្ពន្ធមិត្តណាតូនោះទេ”៕
ប្រែសម្រួល៖ ប៉ាង កុង