ព័ត៌មានអន្តរជាតិ

ប៊ុលហ្គារី៖​ មន្ត្រីការទូតរុស្ស៊ីពីររូប កំពុងធ្វើចារកម្ម ឲ្យទីក្រុងមូស្គូ

បរទេស៖ មន្ត្រីរបស់ប្រទេសប៊ុលហ្គារី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រ ម្សិលមិញនេះថា រដ្ឋាភិបាល របស់ប្រទេសប៊ុលហ្គារី ទំនងជានឹងបណ្ដេញ មន្ត្រីការទូតរុស្ស៊ី ២រូប ដែលគេជឿថា បានធ្វើចារកម្ម ស៊ើបការណ៍សម្ងាត់ ឲ្យទីក្រុងមូស្គូ។

អគ្គរដ្ឋអាជ្ញា លោក Ivan Geshev បានមានប្រសាសន៍ថា មន្ត្រីការទូតដែលលោក មិនបញ្ជាក់ប្រាប់អត្តសញ្ញាណ ទាំងពីររូបនោះ គឺកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ហើយការិយាល័យ អគ្គរដ្ឋអាជ្ញាបាននិយាយដូច្នេះថា “លោកបានជូនដំណឹង ដល់រដ្ឋមន្ត្រីក្រសួងការបរទេស ស្តីពីការប្រមូលភស្តុតាង ចំពោះសកម្មភាព ស៊ើបការណ៍សម្ងាត់នោះ”។

ចំណែកសេចក្តីថ្លែងការណ៍មួយ ពីស្ថានទូតរុស្ស៊ី បាននិយាយថា ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅប្រទេសប៊ុលហ្គារី ត្រូវបានកោះអញ្ជើញ ទៅក្រសួងការបរទេសប៊ុលហ្គារី ហើយត្រូវបានគេប្រគល់ សេចក្តីជូនដំណឹងមួយឲ្យលោក ស្តីពីការប្រកាសមិនរាប់រក មន្ត្រីការទូតស្ថានទូត ទាំងពីររូបនោះ៕
ប្រែសម្រួល៖ប៉ាង កុង

To Top