ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ អំពាវនាវ ឲ្យមានសាមគ្គីភាព និងចោទលោក ត្រាំ ពីបទកេងចំណេញ លើការបែកបាក់គ្នា

បរទេស ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បាននិយាយនៅក្នុងសុន្ទរកថាមួយ នៅពេលថ្មីៗនេះថា ពលរដ្ឋអ៊ីរ៉ង់ មិនគួរអនុញ្ញាត ឲ្យសម្ពាធអតិបរិមា របស់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចូលមកបំផ្លាញសាមគ្គីភាពជាតិ នៅមុនការបោះឆ្នោត រដ្ឋសភាបានឡើយ។

ថ្នាក់ដឹកនាំអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានជួបការលំបាកក្នុងការរក្សា សេដ្ឋកិច្ចឲ្យអណ្ដែតឡើង ក្រោមសម្ពាធដ៏តឹងរឹងខ្លាំង ដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ ក្រោយអាមេរិកដកខ្លួន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែ ដែលបានធ្វើឡើង ជាមួយមហាអំណាចពិភពលោក ហើយដែលសំខាន់នោះ គឺការនាំចេញប្រេង ត្រូវបានកាត់បន្ថយ។

លោក រ៉ូហានី នៅក្នុងសុន្ទរកថា ដែលផ្សាយបន្តផ្ទាល់លើគេហទំព័រផ្លូវការ របស់លោក បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងមិនគួរអនុញ្ញាតឲ្យលោក ត្រាំ ជោគជ័យក្នុងការបង្កើតគម្លាតគ្នារវាងស្ថាប័ននិងប្រជាជននោះទេ យើងគួរតែរក្សាសាមគ្គីភាព កុំបែរខ្នងចេញពីការបោះឆ្នោត (នាថ្ងៃទី២១ខែកុម្ភៈ) និងសូមឲ្យមានលទ្ធផលខ្ពស់”៕
ប្រែសម្រួល៖ប៉ាង កុង

To Top