ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក WHO បានឲ្យដឹងថា គណៈកម្មាធិការគ្រាអាសន្ន របស់ខ្លួននឹងកោះប្រជុំ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីវាយតម្លៃពីការផ្ទុះឡើងនៃវីរុសថ្មី ដែលកំពុងបន្តកើតមានដោយក្រុម ឃ្លាំមើលសុខភាពពិភពលោក ទំនងជានឹងពិនិត្យមើលម្តងទៀតថា តើត្រូវប្រកាសអាសន្ន ជាអន្តរជាតិ អំពីស្ថានភាពនេះដែរឬទេ។
បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃ កាលពីសប្តាហ៍មុនក្រុមសង្រ្គោះបន្ទាន់ របស់អង្គការនេះ បានសន្និដ្ឋានថា វាឆាប់ពេកក្នុងការដាក់ស្លាក ការផ្ទុះវីរុសពីទីក្រុងវូហាន់ ភាគកណ្តាល ប្រទេសចិនថា ជាភាពអាសន្នផ្នែក សុខភាពសាធារណៈ នៃការព្រួយបារម្ភអន្តរជាតិ ។
ការប្រកាសនៅថ្ងៃពុធ នៃកិច្ចប្រជុំក្រុមប្រឹក្សានាពេលខាងមុខនេះ កើតឡើងបន្ទាប់ពីលោក Tedros Ghebreyesus អគ្គនាយកអង្គការ សុខភាពពិភពលោក បានធ្វើទស្សនកិច្ចនៅប្រទេសចិន និងពិភាក្សាអំពីបញ្ហានេះ ជាមួយប្រធានាធិបតីចិនលោកស៊ី ជិនពីង ៕
ដោយ ឈូក បូរ៉ា