ប៉ារីស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២៩ ខែមករានេះ បានឲ្យដឹងថា បារាំងបានបង្ហាញភាពស្វាគមន៍ ផែនការចុងក្រោយ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីបញ្ចប់ជម្លោះ ដែលមានរយៈពេលរាប់ទសវត្សមកហើយ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ប៉ុន្តែបន្ថែមថា ខ្លួននឹងសិក្សាលើសំណើ របស់សហរដ្ឋអាមេរិក យ៉ាងដិតដល់ជាងនេះ។
សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយក្រសួងការបរទេសបារាំងបាននិយាយ ថា ប្រទេសបារាំងសូមស្វាគមន៍ ចំពោះការខិតខំប្រឹងប្រែង របស់ប្រធានាធិបតីត្រាំ ហើយបញ្ជាក់ថា ខ្លួននឹងធ្វើការសិក្សា ដោយយកចិត្តទុកដាក់បំផុត ទៅលើផែនការសន្តិភាព ដែលចាំបាច់ត្រូវតែយកចិត្តទុកដាក់ផងដែរ ទៅលើការគោរពនិងពិចារណា លើសេចក្តីប្រាថ្នាស្របច្បាប់ របស់ប្រជាជនអ៊ីស្រាអែលនិងប៉ាឡេស្ទីន។
គួរឲ្យដឹងដែរថា នៅក្នុងពិធីជួបជុំមួយសេតវិមាន ដែលមានការចូលរួម ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ លោកដូណាល់ ត្រាំ បានប្រកាសដាក់ចេញនូវ ផែនការមួយដែលនឹងអនុញ្ញាត ឱ្យបង្កើតរដ្ឋប៉ាឡេស្ទីនមួយ ដែលមានរដ្ឋធានីនៅផ្នែកខ្លះ នៃក្រុងយេរូសាឡឹមខាងកើត ខណៈក្រុងយេរូសាឡិម នឹងនៅតែជារដ្ឋធានីអធិបតេយ្យ របស់អ៊ីស្រាអែលដដែល៕
ប្រែសម្រួល៖ស៊ុនលី