ព័ត៌មានអន្តរជាតិ

ជប៉ុនដាក់ការស៊ើបអង្កេត លើជនជាតិអាមេរិក ២រូប ពីបទជួយដល់ការរត់គេចខ្លួន របស់លោក Ghosn

តូក្យូ៖ ប្រភពមួយដែលជិតស្និទ្ធនឹងបញ្ហានេះ បានឲ្យដឹងកាលពីថ្ងៃពុធថា រដ្ឋអាជ្ញាទីក្រុងតូក្យូ បានបើកការស៊ើបអង្កេត លើជនជាតិអាមេរិក ២រូប ពីបទជួយដល់អតីតប្រធានក្រុមហ៊ុន Nissan Motor Co លោក Carlos Ghosn រត់គេចចេញ ពីប្រទេសជប៉ុនក្នុងខែធ្នូ។

ក្រុមរដ្ឋអាជ្ញាសង្ស័យលោក Michael Taylor អតីតសមាជិក នៃកងកម្លាំងពិសេស នៃកងទ័ពសហរដ្ឋអាមេរិក ដែលគេស្គាល់ថា Green Berets និងលោក George Zayek បានសហការជាមួយលោក Ghosn ក្នុងការភៀសខ្លួនពីប្រទេសជប៉ុន ទៅកាន់ប្រទេសលីបង់ តាមយន្ដហោះឯកជននៅថ្ងៃទី ២៩ ខែធ្នូ។

សារព័ត៌មាន The Wall Street Journal បានដកស្រង់សម្តីសាច់ញាតិ នៅប្រទេសលីបង់ បានឲ្យដឹងថា លោក Zayek ជាជនជាតិអាមេរិក ដែលមានដើមកំណើតលីបង់ បានធ្វើការជាមួយ Taylor នៅជាងមួយទសវត្សរ៍ ហើយក៏បានធ្វើការ ផ្នែកសន្តិសុខឯកជន ជាមួយកងកម្លាំងសហរដ្ឋអាមេរិក នៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ផងដែរ៕ ដោយ៖ ឈូក បូរ៉ា

To Top