បរទេស៖ចំនួនអ្នកស្លាប់ ក្នុងប្រទេសចិន បណ្ដាលមកពីវីរុសថ្មី នៅក្នុងថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បានកើនឡើង ដល់ចំនួន១៧០នាក់ ក្រោយពីមនុស្សចំនួន៣៨នាក់ បានស្លាប់នៅមុនថ្ងៃដែល រដ្ឋាភិបាល នានា ប៉ុនប៉ងជម្លៀសពលរដ្ឋតាមយន្តហោះ ពីប្រទេសចិន ដែលរងការវាយប្រហារ ដោយកូរ៉ូណាវីរុស។
សហរដ្ឋអាមេរិកនិងប្រទេសជប៉ុន បានជម្លៀសពលរដ្ឋខ្លួនរាប់រយនាក់ ចេញពីទីក្រុង Wuhan ស្របពេលដែលប្រទេសអង់គ្លេស នូវែលសេឡង់ និងអូស្ត្រាលី នៅតែកំពុងធ្វើការងារ ដើម្បីនាំយកពលរដ្ឋខ្លួន ចេញពីទីក្រុងមានប្រជាជន១១លាននាក់ ដែលកំពុងតែស្ថិតនៅក្រោមការបិទឲ្យជាប់គាំង សម្រាប់រយៈពេលជិតមួយសប្ដាហ៍។
គួរបញ្ជាក់ថា មន្ត្រីសុខាភិបាលចិន បាននិយាយនៅ ថ្ងៃព្រហស្បតិ៍នេះថា ចំនួនមនុស្ស ឆ្លងវីរុសថ្មីក្នុងប្រទេសចិន បានកើនដល់ចំនួន៧.៧៦៦ករណី គឺកើនខ្ពស់ជាងថ្ងៃពុធជិត ១.៨០០ករណី ហើយតំបន់ ទីបេទើបបានបញ្ជាក់ពីការ ឆ្លងវីរុសនេះ មួយករណីដំបូង៕ ប្រែសម្រួល៖ប៉ាង កុង