បរទេស៖ អាជ្ញាធរនៅក្នុងដែនដីរដ្ឋធានីអូស្រ្តាលី (ACT) បានប្រកាសពីភាពអាសន្ន ខណៈដែលភ្លើងឆេះព្រៃបានឆាបឆេះ យ៉ាងខ្លាំងនៅភាគខាងត្បូងនៃទីក្រុងកង់បេរ៉ា។ ក្រុមមន្រ្តីបាននិយាយថា វាជាការគំរាមកំហែងដ៏អាក្រក់បំផុត ចំពោះទឹកដីអូស្រ្តលីក្នុងរយៈពេល ជិតពីរទសវត្សរ៍មកនេះ ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា អគ្គិភ័យដ៏ធំនៅភាគខាងត្បូងនៃទឹកដីនេះ កំពុងឆេះលើផ្ទៃដីជាង ១៨.៥០០ ហិកតា។ អ្នកស្រុកនៅជាយក្រុង Canberra ត្រូវបានគេជំរុញឱ្យ “ប្រុងប្រយ័ត្ន” ចំពោះការជម្លៀសដែលអាចទៅរួចណាមួយ។
នាយករដ្ឋមន្រ្តីលោក Andrew Barr បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសុក្រថា “អាជ្ញាធរនៅក្នុងដែនដីរដ្ឋធានីអូស្រ្តាលី ឥឡូវនេះកំពុងប្រឈមមុខ នឹងការគំរាមកំហែងនៃ ភ្លើងឆេះព្រៃដ៏អាក្រក់បំផុត ចាប់តាំងពីអគ្គិភ័យឆាបឆេះក្នុងឆ្នាំ ២០០៣” ។ នៅពេលនេះ មិនមានអាទិភាពខ្ពស់សម្រាប់រដ្ឋាភិបាល ACT ជាងការគំរាមកំហែងដោយភ្លើងឆេះព្រៃនោះទេ។
លោក Barr បាននិយាយថា អគ្គិភ័យដ៏អាក្រក់បំផុត គឺគ្រាន់តែនៅភាគខាងត្បូងនៃស្រុក Tuggeranong ដែលមានចម្ងាយ ២០ នាទីនៅខាងត្បូងរដ្ឋសភានៃរដ្ឋ Canberra ។ កាលពីថ្ងៃសុក្រអ្នកពន្លត់អគ្គីភ័យ កំពុងប្រយុទ្ធនឹងសីតុណ្ហភាព ៤០ អង្សា ខ្យល់បក់ខ្លាំង និងភាពស្ងួតហួតហែង។ លោក Barr បានមានប្រសាសន៍ថា “អគ្គិភ័យអាចនឹងមិនអាចគ្រប់គ្រងបាន” ។
លោកបានបន្ថែមទៀតថា ភាពក្នុងគ្រាមានអាសន្ន ដែលផ្តល់ថាមពល និងធនធានបន្ថែម ដល់អាជ្ញាធរពន្លត់អគ្គីភ័យ នឹងរក្សាទុក“ ដរាបណាទីក្រុងកង់បេរ៉ាមានហានិភ័យ” ។
អគ្គិភ័យបានឆាបឆេះនៅ ជិតទីក្រុងអស់រយៈពេលជាច្រើនសប្តាហ៍។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន អាកាសយានដ្ឋានទីក្រុងកង់បេរ៉ា ត្រូវបិទទ្វារនៅពេលដែលអគ្គិភ័យ មួយបានបង្កការគំរាមកំហែងថា នឹងឆាបឆេះបរិវេណរបស់ព្រលាននេះ ។
សូមជម្រាបថា អគ្គិសយដែលបានឆាបឆេះ នៅក្នុងប្រទេសអូស្រ្តាលីនេះ ក៏បណ្តាលឱ្យអ្នកពន្លត់អគ្គីភ័យអាមេរិក ៣ នាក់បានស្លាប់ បន្ទាប់ពីយន្តហោះរបស់ពួកគេ បានធ្លាក់នៅលើតំបន់ភ្លើងឆេះព្រៃ មួយនៅជិតទីក្រុងក្នុងតំបន់ភ្នំព្រិល ៕
ប្រែសម្រួលៈ ណៃ តុលា