បរទេស៖ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ បានបិទគ្រប់ផ្លូវអាកាស និងផ្លូវដែកគ្រប់ទាំងអស់ ដែលឆ្លងព្រំដែនជាមួយ ប្រទេសចិន នៅក្នុងកិច្ចខិតខំ ប្រឹងប្រែងមួយ ដើម្បីទប់ស្កាត់ការរីករាលដាល នៃកូរ៉ូណាវីរុសថ្មី មិនឲ្យឆ្លងចូលប្រទេសខ្លួន នេះបើយោងតាម រដ្ឋាភិបាលអង់គ្លេស។
ក្រសួងការបរទេសអង់គ្លេស បាននិយាយនៅលើ គេហទំព័ររបស់ខ្លួនថា ទីក្រុងព្យុងយ៉ាង នាពេលថ្មីៗនេះ បានប្រកាសថា គ្រាប់ផ្លូវអាកាស និងផ្លូវដែកទាំងអស់ រវាងប្រទេសកូរ៉េខាងជើងនិងប្រទេសចិន នឹងត្រូវផ្អាក បណ្ដោះអាសន្ន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដើម្បីជាការឆ្លើយតប ចំពោះការផ្ទុះរីករាលនៃ វីរុសថ្មីនៅទូទាំងពិភពលោក។
គួរបញ្ជាក់ថា ការបិទផ្លូវអាកាស និងផ្លូវដែកនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែល ទីក្រុងព្យុងយ៉ាង កំពុងតែបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរុសឆ្លងដ៏កាចសាហាវថ្មី ដែលបានកើតឡើងដំបូងបង្អស់ នៅក្នុងទីក្រុងវូហាន ប្រទេសចិន៕ ប្រែសម្រួល៖ប៉ាង កុង