បរទេស៖ មន្ត្រីសុខាភិបាលសាធារណៈជាន់ខ្ពស់ របស់ថៃមួយរូប បាននិយាយនៅថ្ងៃសុក្រថា ប្រទេសថៃបានឃើញករណីដំបូង នៃការឆ្លងវីរុសថ្មីពីមនុស្សទៅមនុស្សហើយ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក Tanarak Pipat អគ្គនាយករង នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺ នៅថ្ងៃសុក្រនេះថា អ្នកជំងឺគឺជាអ្នកបើកតាក់ស៊ីថៃ។
វេជ្ជបណ្ឌិត Tanarak បាននិយាយថា «ជនជាតិថៃដែលបានឆ្លងមេរោគនេះ មិនមានកំណត់ត្រាធ្វើដំណើរ ទៅប្រទេសចិនទេ ហើយទំនងជាគាត់ បានឆ្លងដោយអ្នកដំណើរ ដែលឈឺមកពីប្រទេសចិន»។
សូមជម្រាបថា ករណីថ្មីនេះបានបង្កើនចំនួនអ្នកឆ្លងជំងឺ ដែលបានបញ្ជាក់ នៅក្នុងប្រទេសថៃដល់ ១៩ នាក់ហើយ ៕
ប្រែសម្រួលៈ ណៃ តុលា