ព័ត៌មានអន្តរជាតិ

ចំនួនទាហានអាមេរិក ដែលមានបញ្ហាខួរក្បាល បន្ទាប់ពីការវាយប្រហារ ដោយមីស៊ីលរបស់អ៊ីរ៉ង់ កើនដល់ ៦៤នាក់

វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិ អាមេរិកបាននិយាយថា ចំនួនទាហានអាមេរិក ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានរបួសខួរក្បាល (TBI) បន្ទាប់ពីការវាយប្រហារ ដោយមីស៊ីលរបស់អ៊ីរ៉ង់ ទៅលើមូលដ្ឋានទ័ព អាមេរិកនៅអ៊ីរ៉ាក់ បានកើនឡើងដល់ ៦៤ នាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងនៅថ្ងៃព្រហស្បតិ៍ថា « រហូតមកដល់សព្វថ្ងៃនេះ សមាជិកសេវាកម្មអាមេរិកចំនួន ៦៤ នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានរបួសខួរក្បាលស្រាល ឬហៅថា TBI ។ សមាជិកសេវាកម្មបន្ថែមចំនួន ១៤ នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មាន TBI ចាប់តាំងពីរបាយការណ៍មុន» ។

យោងតាមមន្ទីរប៉ង់តាហ្គោន ទាហាន ៣៩ នាក់ ដែលមានបញ្ហារបួសខួរក្បាល បានវិលត្រឡប់មកបំពេញកាតព្វកិច្ចវិញហើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ៨ ខែមករា អ៊ីរ៉ង់បានបាញ់មីស៊ីល ១៦ គ្រាប់ ទៅលើមូលដ្ឋានអាកាស Erbil និង al-Asad នៅអ៊ីរ៉ាក់ដែលមានទ័ព អាមេរិកឈរជើង បន្ទាប់ពីការវាយប្រហារ តាមអាកាសរបស់អាមេរិក ដែលបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ Qasem Soleimani កាលពីថ្ងៃទី ៣ ខែមករា ៕
ប្រែសម្រួលៈ ណៃ តុលា

To Top