បរទេស ៖ វិមានក្រឹមឡាំង នៅថ្ងៃសុក្រនេះ បាននិយាយថា ប្រទេសរុស្ស៊ី កំពុងតែធ្វើការអនុវត្តតាមទាំងស្រុង នូវកាតព្វកិច្ចរបស់ខ្លួន ក្នុងតំបន់ Idlib ប្រទេសស៊ីរី ប៉ុន្តែថា ខ្លួនមានក្តីព្រួយបារម្ភជាខ្លាំង អំពីអ្វីដែលខ្លួននិយាយថា ជាការវាយប្រហារដ៏គឃ្លើនរបស់ពួកសកម្មប្រយុទ្ធ ទៅលើកងកម្លាំងរដ្ឋាភិបាលស៊ីរី និងមូលដ្ឋានទ័ពអាកាស Hmeimim របស់រុស្ស៊ី ។
នៅថ្ងៃពុធសប្ដាហ៍នេះ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានធ្វើការចោទប្រកាន់ប្រទេសរុស្ស៊ី ពីបទប្រព្រឹត្តបំពានកិច្ចព្រមព្រៀង ដែលមានគោលដៅបញ្ឈប់ជម្លោះ និងបាននិយាយថា ទីក្រុងអង់ការ៉ា កំពុងតែអស់ភាពអត់ធ្មត់ ចំពោះប្រតិបត្តិការវាយប្រហារដោយយោធា នៅក្នុងតំបន់ Idlib។
ក្រៅពីនោះ នៅថ្ងៃសុក្រនេះ លោកប្រធានាធិបតីតួកគី ក៏បានមានប្រសាសន៍ផងដែរថា ប្រទេសតួកគី អាចនឹងចាប់ផ្តើមប្រតិបត្តិការ ចូលទៅក្នុងខេត្ត Idlib នៅក្នុងប្រទេសស៊ីរីភាគខាងជើង ប្រសិនបើស្ថានភាព មិនត្រូវបានដោះស្រាយភ្លាមៗទេនោះ ស្របពេលការវាយប្រហារ ធ្វើឡើងដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី ប្រឈមមុខនឹងរលកជនភៀសខ្លួនថ្មី៕
ប្រែសម្រួល៖ប៉ាង កុង