បរទេស៖ លោកប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃសុក្រនេះ បានមានប្រសាសន៍ថា ប្រទេសតួកគី អាចនឹងចាប់ផ្តើមប្រតិបត្តិការ ចូលទៅក្នុងខេត្ត Idlib នៅក្នុងប្រទេសស៊ីរីភាគខាងជើង ប្រសិនបើស្ថានភាព មិនត្រូវបានដោះស្រាយភ្លាមៗទេនោះ ស្របពេលការវាយប្រហារធ្វើឡើង ដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី ប្រឈមមុខនឹងរលកជនភៀសខ្លួនថ្មី។
ថ្លែងនៅក្នុងទីក្រុងអង់ការ៉ា លោកប្រធានាធិបតីតួកគី បានរំឭកជាថ្មីថា ប្រទេសតួកគី មិនអាចគ្រប់គ្រង ចំនួនជនភៀសខ្លួនដ៏ច្រើនថ្មីៗបានទេ ហើយទីក្រុងអង់ការ៉ា នឹងមិនអនុញ្ញាត ឲ្យមានការគម្រាមកំហែងថ្មី នៅជិតព្រំដែនរបស់ខ្លួនទេ បើទោះបីវាមានន័យថា ជាការប្រើប្រាស់អំណាចយោធា ដូចដែលធ្លាប់បានធ្វើ ក្នុងប្រតិបត្តិការឆ្លងព្រំដែនពីមុនចំនួន៣ ក្នុងប្រទេសស៊ីរីភាគខាងជើង។
គួរបញ្ជាក់ថា កងកម្លាំងរបស់លោកប្រធានាធិបតីស៊ីរី បាហ្សា អាល់អាសាដ ដែលគាំទ្រ ដោយកម្លាំងទ័ពអាកាសរុស្ស៊ី ចាប់តាំងពីសប្ដាហ៍មុន បានធ្វើការវាយលុកយ៉ាងលឿន ទៅលើតំបន់ Idlib ហើយដណ្ដើមបានក្រុងជាច្រើន រួមទាំងទីក្រុង Maarat al-Numan ជាទីក្រុងដ៏សំខាន់ ដែលជាកន្លែងឈរជើងដ៏រឹងមាំ គ្រប់គ្រងដោយពួកឧទ្ទាម៕ ប្រែសម្រួល៖ប៉ាង កុង