ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ថា នាយកដ្ឋានកសិកម្មបានឲ្យដឹង នៅថ្ងៃអាទិត្យថា វត្ថុវិភាគឈាមដែលបានយកពីសត្វជ្រូកជាច្រើនក្បាល នៅខេត្តភាគខាងត្បូង នៅក្នុងប្រទេសហ្វីលីពីន ដែលជាកន្លែងទទួលទាន សាច់ជ្រូកធំបំផុតលំដាប់លេខ១០លើពិភពលោក បានតេស្តរកឃើញវត្តមាន វីរុសបង្កជំងឺប៉េស្តជ្រូកអាហ្វ្រិក ។
ប្រទេសដែនកោះស្ថិតនៅ ភាគខាងត្បូងនៃ ប្រជាជាតិអាស៊ីអាគ្នេយ៏ បានឲ្យដឹងថា វាជាការរាយការណ៍ដំបូង ហើយសម្រាប់ករណីនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបានឆ្លងចូលនៅខេត្ត Davao Occidental និងក្រុងផ្សេងទៀតនៅ Mindanao ។
រដ្ឋលេខាធិការក្រសួងកសិកម្ម William Dar បានបញ្ជាឲ្យក្រុមមន្ត្រីនាយកដ្ឋានដើម្បីរឹតបណ្តឹង ចលនាសត្វដែលជាផ្នែកមួយនៃការទប់ស្កាត់ការឆ្លងជំងឺ ។
សូមបញ្ជាក់ថា ហ្វីលីពីនក៏ជាប្រទេស ធំបំផុតលំដាប់លេខ៧ ដែលជាអ្នកនាំចូលសាច់ជ្រូក ហើយសេចក្តីរាយការណ៍ ដំបូងរបស់ខ្លួននៃការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក បានកើតឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០១៩ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា