ព័ត៌មានអន្តរជាតិ

ចិននឹងផ្គត់ផ្គង់ទឹកប្រាក់ជាង ១៧០ពាន់លានដុល្លារ ទៅកាន់ទីផ្សារហិរញ្ញវត្ថុ ចំពេលមានការរីករាលដាលនៃមេរោគ

ប៉េកាំង៖ ធនាគារកណ្តាលចិន បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួននឹងផ្គត់ផ្គង់ ១,២ ពាន់ពាន់លានយ័ន (ប្រហែល ១៧៣,៨ ពាន់លានដុល្លារ) ដល់ទីផ្សារហិរញ្ញវត្ថុ នៅថ្ងៃបន្ទាប់ដោយសារតែរដ្ឋាភិបាល របស់ប្រទេសនេះកំពុងតស៊ូ ដើម្បីប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងនៃជំងឺរលាកសួត ឬមេរោគឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី។

ដោយមានការភ័យខ្លាច កាន់តែខ្លាំងឡើងថា ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ២ នៅលើពិភពលោកមួយនេះ នឹងប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការរីករាលដាលនៃវីរុសនេះ។ វិធានការចុងក្រោយ របស់ធនាគារប្រជាជនចិន គឺមានគោលបំណង ដើម្បីធានាស្ថេរភាពនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមអ្នកវិភាគបានឲ្យដឹងថា សេដ្ឋកិច្ចចិនបានធ្លាក់ចុះយឺតៗ ហើយភាគច្រើន ដោយសារសង្គ្រាមពាណិជ្ជកម្ម ដែលមានរយៈពេលជិត ២ ឆ្នាំជាមួយសហរដ្ឋអាមេរិក ដែលធ្វើឱ្យមានការលំបាក សម្រាប់ក្រុមហ៊ុនតូចៗក្នុងប្រទេស ដើម្បីប្រមូលដើមទុន៕ ដោយ៖ ឈូក បូរ៉ា

To Top