ហុងកុង ៖ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជាតិ លោក Lawrence Wong ដែលជាសហប្រធាន នៃក្រុមការងារចម្រុះក្រសួង ប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃមេរោគឆ្លងថ្មីវូហានបាននិយាយថា មានមនុស្ស ៥២៤ នាក់ស្ថិតនៅដាច់ដោយឡែកពីគេ គិតត្រឹមថ្ងៃអាទិត្យ ទី២ កុម្ភៈ ។
យោងតាមសារព័ត៌មាន Straits Times ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា លោកបន្តថា ក្នុងចំណោមនោះ គឺមនុស្ស ២២២នាក់ ស្ថិតក្នុងកន្លែងដាច់ដោយឡែក ពីគេក្នុងអគាររដ្ឋាភិបាល ហើយ ៣០២នាក់ទៀត ដាក់ឱ្យនៅដាច់ដោយឡែកពីគ្នានៅផ្ទះ។
លោក Wong បានប្រាប់ទៅសភានៅថ្ងៃច័ន្ទថា «មនុស្សដែលស្ថិតនៅដាច់ដោយឡែកពីគ្នា គឺត្រូវស្ថិតនៅក្នុងទីតាំង ដែលបានកំណត់គ្រប់ពេលវេលា ក្នុងអំឡុងពេល នៃការដាក់ឱ្យនៅដាច់ពីគេនេះ» ។ ពួកគេមិនអាចប្រាស្រ័យទាក់ទងខាងរាងកាយ ជាមួយនឹងអ្នកដទៃ ដែលរស់នៅក្នុងកន្លែងតែមួយបានទេ ។
អ្នកដែលត្រូវដាក់នៅដាច់ដោយឡែកនៅក្នុងផ្ទះ ត្រូវតែរាយការណ៍ពីស្ថានភាពសុខភាព របស់ពួកគេយ៉ាងហោចណាស់ ៣ដងក្នុងមួយថ្ងៃ តាមរយៈការហៅជាវីដេអូ ហើយការត្រួតពិនិត្យកន្លែងត្រូវបានធ្វើឡើងដើម្បីធានាថា ពួកគេមិនចាកចេញ។ អ្នកដែលរំលោភបទបញ្ជា នៅដាច់ពីគ្នានេះ អាចនឹងត្រូវពិន័យ ឬជាប់ពន្ធនាគារ។
នៅក្នុងសេចក្តីថ្លែងការណ៍ របស់លោករដ្ឋមន្ត្រីលោក Wong បាននិយាយថា ការអាចរកឃើញនិងញែក អ្នកជម្ងឺដែលឆ្លងនិងទំនាក់ទំនងជិតស្និទ្ធ របស់ពួកគេគឺជាខ្សែការពារទីពីរ របស់ប្រទេសសិង្ហបុរី ក្នុងការប្រឆាំងនឹងវីរុស ដែលបានឆ្លងដល់មនុស្សជាង ១៧,០០០ នាក់ និងបានសម្លាប់មនុស្សចំនួន ៣៦១ នាក់នៅក្នុងប្រទេសចិន៕
ប្រែសម្រួលៈ ណៃ តុលា