បរទេស៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការនៃប្រទេស អ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បានប្រកាសថាប្រធានផ្នែកកិច្ចការងារការបរទេស ថ្មីរបស់សហភាពអ៊ឺរ៉ុបលោក Josep Borrell កំពុងធ្វើដំណើរទៅកាន់ប្រទេស អ៊ីរ៉ង់ ដើម្បីជួបជាមួយមេដឹកនាំប្រទេសនេះ នៅចំពេលដែលកំពុងមានភាពតានតឹងក្នុងតំបន់នោះ។
គួរឲ្យដឹងដែរថាដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃសកម្មភាពចុងក្រោយ របស់សហភាពអឺរ៉ុបក្នុងការព្យាយាមជួយសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ ២០១៥ រវាងទីក្រុងតេរ៉ង់ និងមហាអំណាចពិភពលោក។
កន្លងមកភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានកើនឡើងជាលំដាប់ចាប់តាំងពីប្រធានាធិបតី ដូណាល់ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញកាលពីនៅឆ្នាំ ២០១៨ ។
យោងតាម IRNA បានឱ្យដឹងថាលោក Josep Borrell តាមផែនការនឹងត្រូវជួបជាមួយរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif និងមន្រ្តីអ៊ីរ៉ង់ដទៃទៀតនៅថ្ងៃចន្ទនេះ៕
ប្រែសម្រួល៖ស៊ុន លី