ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន​ គ្រោងទស្សនកិច្ចហ៊ីរ៉ូស៊ីម៉ា​ ខណៈប្រមុខរដ្ឋចិន​ លេីកពេលទស្សនកិច្ចតូក្យូ​ ដោយសារវិបត្ដិវីរុសកូរ៉ូណា

តូក្យូ៖​ អគ្គលេខាធិការ សហរដ្ឋអាមេរិកលោក Antonio Guterres បានឲ្យដឹងកាលពីថ្ងៃអង្គារថា លោកនឹងធ្វើទស្សនកិច្ចនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា​ នៅខែសីហា​ ក្នុងខួបលើកទី ៧៥ នៃការទម្លាក់គ្រាប់បែកបរមាណូ របស់សហរដ្ឋអាមេរិក។

 ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កលោក Guterres បានលេីកឡេីងថាដំណើរទស្សនកិច្ច នាពេលខាងមុខរបស់លោកទៅកាន់ទីក្រុងភាគខាងលិច ប្រទេសជប៉ុននឹងជា “មធ្យោបាយដើម្បីបង្ហាញមិនត្រឹមតែសាមគ្គីភាពរបស់ខ្ញុំ ជាមួយហ៊ីរ៉ូស៊ីម៉ាប៉ុណ្ណោះទេ​ ប៉ុន្តែការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្ញុំ​ ចំពោះការរំសាយអាវុធនុយក្លេអ៊ែរ​ និងការមិនរីកសាយអាវុធនុយក្លេអ៊ែរ”។ 

 នៅខែសីហា​ ឆ្នាំ២០១៨​ ប្រមុខយូអិនរូបនេះបាន ក្លាយជាប្រធានទី១​ របស់យូអិន​ ដែលបានបំពេញទស្សនកិច្ចនៅ​ ណាហ្គាសាគី​ ដែលជាទីក្រុងមួយទៀតរបស់ប្រទេសជប៉ុន​ ដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រាប់បែកនុយក្លេអ៊ែរអាមេរិក​ ជិតចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ២ ។  ការទម្លាក់គ្រាប់បែកនៅថ្ងៃទី ៩ ខែសីហាឆ្នាំ ១៩៤៥ បានធ្វើឡើងបន្ទាប់ពីការវាយប្រហារ នុយក្លេអ៊ែរទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា​ ចំនួន ៣ ថ្ងៃ។ 

ជាមួយគ្នានេះដែរប្រភពពីការទូត បានឲ្យដឹងកាលពីថ្ងៃអង្គារថា​ ប្រធានាធិបតីចិនលោកស៊ី​ ជីនពីង​ អាចនឹងពន្យារពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសជប៉ុន​ នាពេលខាងមុខដើម្បីដោះស្រាយការផ្ទុះឡើងនៃវីរុសកូរ៉ូណា​ ដែលបានសម្លាប់មនុស្សជាង ៤០០ នាក់នៅក្នុងប្រទេសរបស់លោក។

 យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កិច្ចប្រជុំត្រៀមរវាងមន្រ្តីមកពីប្រទេសនានា​ ដែលគ្រោងធ្វើនៅចុងខែនេះ នៅទីក្រុងប៉េកាំង​ និងការប្រជុំដាច់ដោយឡែកមួយ​ ស្តីពីបញ្ហាដែនសមុទ្រត្រូវបានលេីកពេលនៅពេលដែលប្រទេសចិន​ ផ្តោតលើការទប់ស្កាត់ការរាលដាល។

 ការពន្យាពេលចាប់ផ្តេីមឡេីង​ សម្រាប់ដំណើរទស្សនកិច្ចរបស់លោកស៊ី​ ដែលត្រូវបានគេរំពឹងថា​ នឹងប្រព្រឹត្តទៅនៅដើមខែមេសា​ ហើយនឹងរៀបចំកិច្ចប្រជុំកំពូល ជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក​ ស៊ីនហ្សូ​ អាបេ​៕

ដោយ​ ឈូក​ បូរ៉ា

To Top