បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើង កំពុងតែបង្កើនការផលិតម៉ាស់ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ផ្តល់កិច្ចការពារបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ និងមន្ត្រីសុខាភិបាលរបស់ខ្លួន មិនឲ្យឆ្លងកូរ៉ូណាវីរុស ដែលកំពុងតែឆ្លងរីករាលដាលយ៉ាងលឿន នៅក្នុងប្រទេសចិន និងប្រទេសដទៃជាច្រើនទៀត។
ការបង្កើនការផលិតម៉ាស់របស់ទីក្រុងព្យុងយ៉ាងនេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡើង ស្របពេលមានសេចក្តីរាយការណ៍ អំពីមនុស្សក្នុងប្រទេសជាច្រើន ប្រញាប់ប្រញាល់បង្កើនចំនួនម៉ាស់ លាងសម្អាតដៃដោយទឹកអនាម័យ និងរបស់របរអនាម័យផ្ទាល់ខ្លួនផ្សេងទៀត ព្រោះមានក្តីព្រួយបារម្ភកាន់តែខ្លាំង ចំពោះការរីករាលដាលយ៉ាងលឿននៃវីរុស ដែលត្រូវបានគេរកឃើញជាលើកដំបូង នៅក្នុងទីក្រុង វូហាន ប្រទេសចិន កាលពីខែធ្នូ។
គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍ ពីកាសែតកូរ៉េខាងត្បូង យុនហាប់ ចេញផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ប្រទេសកូរ៉េខាងជើង នៅមិនបញ្ជាក់ពីករណីឆ្លងកូរ៉ូណាវីរុស ណាមួយនៅឡើយនោះទេ ប៉ុន្តែប្រទេសនេះ កំពុងតែធ្វើការខិតខំប្រឹងប្រែងគ្រប់យ៉ាង ដើម្បីទប់ស្កាត់ការឆ្លងវីរុសថ្មីនេះ តាមរយៈការពង្រឹងវិធានការទប់ស្កាត់នានា ៕
ប្រែសម្រួល៖ ប៉ាង កុង