បរទេស ៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសតួកគី និងប្រទេសរុស្ស៊ី គួរតែដោះស្រាយការ ខ្វែងគំនិតគ្នា ជុំវិញជម្លោះនៅក្នុងតំបន់ Idlib ប្រទេសស៊ីរី ដោយគ្មានកំហឹង ក្រោយមានការផ្ទុះឡើងនូវអំពើហិង្សា ធ្វើឲ្យប៉ះពាល់ដល់សហប្រតិបត្តិការ ដ៏ផុយស្រួយ រវាងទីក្រុងមូស្គូ និងទីក្រុងអង់ការ៉ា។
លោក Erdogan បានមានប្រសាសន៍ដូច្នេះថា “គ្មានភាពចាំបាច់ ដែលត្រូវឲ្យយើងចូលទៅពាក់ព័ន្ធក្នុងជម្លោះ ឬក៏ការប្រឆាំងគ្នាដ៏ខ្លាំងក្លា ជាមួយរុស្ស៊ី គ្រប់ស្ថានការណ៍នោះទេ ហើយពិតណាស់ យើងនឹងអង្គុយចុះនិងពិភាក្សាគ្នាអំពីរឿងគ្រប់យ៉ាង ប៉ុន្តែមិនមែនជាមួយនឹងកំហឹងទេ ព្រោះថា អ្នកដែលអង្គុយចុះជាមួយ នឹងកំហឹងនោះ តែងតែក្រោកវិញ ជាមួយការខាតបង់”។
គួរបញ្ជាក់ថា ប្រទេសទាំងពីរ គាំទ្រដល់ភាគីផ្ទុយគ្នា នៅក្នុងសង្គ្រាមជិត៩ឆ្នាំ របស់ប្រទេសស៊ីរី ក៏ដូចជាជម្លោះដែលកំពុងតែតានតឹង របស់ប្រទេសលីប៊ី ប៉ុន្តែនាពេលថ្មីៗនេះ បានធ្វើការងាររួមគ្នា ដើម្បីទប់ស្កាត់ការបង្ហូរឈាម និងបង្កើតឲ្យមានចំណង ការពារជាតិដ៏ជិតស្និទ្ធ នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ៕