បរទេស ៖ ប្រទេសបារាំង នៅថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងជាថ្មី នូវការទាមទាររបស់ខ្លួន ឲ្យបញ្ចប់អរិភាពក្នុងខេត្ត Idlib ប្រទេសស៊ីរី និងបានបន្ថែមទៀតថា ការវាយប្រហារ ដោយរបបស៊ីរី និងសម្ពន្ធមិត្តរបស់វា បង្ហាញឲ្យឃើញនូវការបំពានច្បាប់អន្តរជាតិនិងមនុស្សជាតិ។
កងកម្លាំងរដ្ឋាភិបាលស៊ីរី តាមសេចក្តីរាយការណ៍ បានប្រយុទ្ធនឹងពួកឧទ្ទាម និងបានវាយប្រហារទម្លុះរបាំងការពារកាំភ្លើងធំតួកគី នៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលពួកគេព្យាយាមដណ្ដើមយកទីក្រុង Saraqeb ស្ថិតនៅក្នុងខេត្ត Idlib ក្នុងសន្ទុះថ្មីដើម្បីវាយយកទីតាំងឈរជើងចុងក្រោយរបស់ពួកឧទ្ទាម។
គួរបញ្ជាក់ថា នៅក្នុងពេលថ្មីៗនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានធ្វើការអំពាវនាវឲ្យបញ្ចប់ការប្រយុទ្ធគ្នា រវាងតួកគីនិងស៊ីរី នៅក្នុងខេត្តដែលក្រុមប្រឆាំងកាន់កាប់ Idlib ប្រទេសស៊ីរីផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង