ព័ត៌មានអន្តរជាតិ

លោកអាបេ៖ នឹងចងក្រងជាជំហានបន្ទាន់ ដើម្បីដោះស្រាយជំងឺឆ្លងវីរុសកូរ៉ូណា នៅសប្តាហ៍ក្រោយ

តូក្យូ៖ លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលជប៉ុន គ្រោងនឹងចងក្រងវិធានការនៅសប្តាហ៍ក្រោយ ដើម្បីទប់ទល់នឹងការរីករាលដាល នៃមេរោគឆ្លងវីរុសកូរ៉ូណាថ្មី នៅក្នុងប្រទេសជប៉ុន។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន បានចុះផ្សាយឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី អាបេ បានប្រាប់សមាជិកសភាជាន់ខ្ពស់ របស់គណបក្សកាន់អំណាចថា រដ្ឋាភិបាល នឹងយកប្រាក់បំរុងទុកក្នុងថវិការដ្ឋ ដើម្បីយកទៅដោះស្រាយបញ្ហានេះ។

រហូតមកដល់ពេលនេះ មេរោគឆ្លងវីរុសកូរ៉ូណា មានករណីឆ្លងជាង ៣ម៉ឺនករណីទូទាំងពិភពលោក ក្នុងនោះប្រទេសចិន ដែលជាប្រទេសកំណើតនៃជំងឺឆ្លងនេះ មានចំនួន ៣ម៉ឺនករណី និងសម្លាប់ពលរដ្ឋជាង ៥០០នាក់៕ ដោយ៖ ឈូក បូរ៉ា

To Top