ប៉េកាំង៖ ក្រសួងការបរទេសចិន បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីតាលី បានយល់ព្រមបន្តការហោះហើរ មួយចំនួនជាមួយប្រទេសចិន ជាបណ្តោះអាសន្ន បន្ទាប់ពីប្រទេសនេះ បានផ្អាកការហោះហើរត្រង់ រវាងប្រទេសទាំងពីរកាលពីខែមុន ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័រ របស់ក្រសួងបានអោយដឹងថា អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក ឈីនកាង បានជួបប្រជុំជាមួយឯកអគ្គរដ្ឋទូតអ៊ីតាលី ប្រចាំប្រទេសចិនលោក Luca Ferrari កាលពីថ្ងៃព្រហស្បតិ៍ ។
លោកឈីនបាននិយាយថា បន្ទាប់ពីការផ្ទុះឡើងនូវវីរុស រលាកសួតថ្មីនេះ ការសម្រេចជាឯកតោភាគី របស់ប្រទេសអ៊ីតាលី ក្នុងការបញ្ឈប់ ជើងហោះហើរ ដោយមិនទាក់ទងប្រទេសចិន ជាមុន បានបណ្តាលឱ្យមានការរអាក់រអួលខ្លាំង ដល់អ្នកដំណើរ មកពីប្រទេសទាំងពីរ ហើយពលរដ្ឋចិន ជាច្រើននៅតែជាប់គាំង នៅក្នុងប្រទេសអ៊ីតាលី ៕
ប្រែសម្រួលៈ ណៃ តុលា