បរទេស៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល របស់ប្រទេសឈីលី លោក Jaime Manalich បានប្រកាសអាសន្ន ផ្នែកសុខភាពទូទាំងប្រទេស កាលពីថ្ងៃសុក្រ ដើម្បីបញ្ឈប់ការឆ្លងវីរុសថ្មីរលាកសួត ពីការឆ្លងចូលទៅក្នុងប្រទេសនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា លោក Manalich បានប្រាប់អ្នកយកព័ត៌មានថា “យើងបានចុះហត្ថលេខាលើក្រឹត្យមួយ ដែលប្រកាសជាបន្ទាន់ អំពីប្រភេទមេរោគឆ្លងថ្មី … យើងនឹងខិតខំប្រឹងប្រែង ដើម្បីរកករណីសង្ស័យ និងឆ្លង និងបញ្ឈប់ការរាតត្បាត រាលដាលពាសពេញស៊ីលី” ។
សូមជម្រាបថា មានប្រទេសជាង ២០ ហើយដែលបានរាយការណ៍ ពីការឆ្លងមេរោគរលាកសួត បង្កឡើងដោយវីរុសកូរ៉ូណា ចាប់តាំងពីវីរុសនេះ បានផ្ទុះចេញមកនៅក្នុងប្រទេសចិន កាលពីខែធ្នូឆ្នាំមុន ប៉ុន្តែរហូតមកដល់ពេលនេះ នៅអាមេរិកខាងត្បូង បានជៀសវាងការឆ្លងរាលដាលនេះ។ វីរុសដែលអាចបណ្តាល ឱ្យមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ បានធ្វើអោយមនុស្ស ៣៤.៥០០ នាក់បានឆ្លង នាក់នៅទូទាំងពិភពលោក និងស្លាប់ចំនួន ៧២២ នាក់៕ ប្រែសម្រួលៈ ណៃ តុលា