ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការសម្រុះសម្រួល រវាងតួកគីនិងស៊ីរី

បរទេស៖ នៅថ្ងៃសៅរ៍ម្សិលមិញនេះ ក្រសួងការបទេសអ៊ីរ៉ង់ បាននិយាយប្រាប់ថា ប្រទេសអ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេច ដើម្បីជួយប្រទេសតួកគីនិងស៊ីរី ដោះស្រាយការខ្វែងគំនិតគ្នាជុំវិញរឿងសង្គ្រាមជិត៩ឆ្នាំ និងបានបន្ថែមថា ទីក្រុងតេអេរ៉ង់គាំទ្រអធិបតេយ្យភាព របស់ទីក្រុងដាម៉ាស់ ។

នៅក្នុងកិច្ចប្រជុំមួយ រវាងប្រេសិតពិសេសអង្គការ សហប្រជាជាតិប្រចាំនៅស៊ីរី លោក Geir Pedersen និងមន្ត្រីអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់ បានបង្ហាញពីសារៈសំខាន់ នៃការដោះស្រាយបញ្ហានានា នៅក្នុងប្រទេសស៊ីរី តាមរយៈកិច្ចការការទូត នេះបើយោងតាម ក្រសួងការបរទេសអ៊ីរ៉ង់និយាយនៅលើគេហទំព័រផ្លូវការរបស់ខ្លួន។

គេហទំព័រផ្លូវការក្រសួងការបរទេសអ៊ីរ៉ង់ បានរាយការណ៍ថា “នៅក្នុងអំឡុងជំនួបនោះ ប្រទេសអ៊ីរ៉ង់បានលើកឡើងថា ជនស៊ីវិលនៅស៊ីរី មិនគួរត្រូវគេយកប្រើជាខែលមនុស្ស និងថា ប្រទេសអ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការសម្រុះសម្រួល រវាងប្រទេសតួកគីនិងប្រទេសស៊ីរី ដើម្បីដោះស្រាយបញ្ហា”៕

ប្រែសម្រួល៖ ប៉ាង កុង

To Top