ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រទេសហ្វីលីពីន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ជំងឺឆ្លងកើតឡើងលើសត្វជ្រូក ដែលគេស្គាល់ថា ប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះ និងឆ្លងរាលដាលនៅខេត្តភាគខាងត្បូងនៃប្រទេស ហើយហ្វីលីពីនពឹងផ្អែក លើផលិតកម្មជ្រូកជិត ១/៣ ស្មើនឹង១២.៨លានក្បាល ។
នាយកដ្ឋានកសិកម្មបានឲ្យដឹងថា មានករណីកើតឡើងបន្ថែមពីនេះ ក៏ត្រូវបានគេបញ្ជាក់ថា បានផ្ទុះឡើងនៅខេត្តភាគខាងជើង ។
ប្រទេសជាប់លំដាប់ថ្នាក់លេខ១០ ក្នុងចំណោមប្រទេសទាំងឡាយ ទូទាំងពិភពលោកដែលបរិភោគសាច់ជ្រូក និងជាប្រទេសនាំចូលសាច់ជ្រូក ច្រើនបំផុតលំដាប់លេខ៧ នៅទូទាំងពិភពលោក ត្រូវបានគេរាយការណ៍ថា មានករណីផ្ទុះជំងឺប៉េស្ត្រជ្រូកអាហ្វ្រិក ជាលើកដំបូង ដែលបានផ្ទុះឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០១៩ នៅតាមកសិដ្ឋានមួយចំនួន នៅជិតរដ្ឋធានីក្រុងម៉ានីល នៅភាគខាងជើងនៃកោះ Luzon ។
ប៉ុន្តែ មួយសប្តាហ៍កន្លងមកនេះ នាយកដ្ឋានកសិកម្ម បានឲ្យដឹងថា វត្ថុវិភាគជាច្រើនដែលបានមកពីសត្វជ្រូក នៅខេត្តភាគខាងត្បូង នៃក្រុង Davao Occidental បានរកឃើញថា មានលទ្ធផលជាវិជ្ជមាន ដែលជាឆ្លង ដែលបានសម្លាប់សត្វជ្រូកអស់ជាច្រើនក្បាល ប៉ុន្តែមិនបានបង្កផលប៉ះពាល់ដល់មនុស្សឡើយ ។
នៅថ្ងៃអាទិត្យនេះ នាយកដ្ឋានបាននិយាយថា សត្វជ្រូកចំនួន៤០៧ក្បាល ត្រូវបានគេនាំយកទៅសម្លាប់នៅក្នុងភូមិចំនួន២ ដែលមានសត្វជ្រូកសរុប២.៣៩៨ក្បាល នៅ Davao City នៅកោះភាគខាងត្បូង Mindanao។ ដែនកោះមួយនេះមានសត្វជ្រូកប្រមាណ ៣,៧លានក្បាល គិតត្រឹមថ្ងៃទី០១ ខែមករា ហើយរដ្ឋាភិបាលបានបង្ហាញទិន្នន័យដូច្នេះ ឬស្មើនឹង២៩ភាគយនៃតួលេខសរុបទូទំាងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា