បរទេស៖ ចំពេលមានការរីករាលដាលនៃជំងឺឆ្លងបណ្តាលមកពីវីរុសកូរ៉ូណា ប្រទេសថៃមិនបានដាក់កម្រិតលើភ្ញៀវទេសចរចិនពីការចូលមកក្នុងប្រទេសនេះ ឬក៏បានបោះបង់ចោលការលើកលែងថ្លៃសេវាទិដ្ឋាការដល់ភ្ញៀវទេសចរដែលត្រូវបានអនុវត្តដើម្បីទាក់ទាញជនជាតិចិន។
យោងតាមសារព័ត៌មាន Asian Review ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា នេះផ្ទុយស្រឡះពីបណ្តាប្រទេសដែលមានការព្រួយបារម្ភជុំវិញពិភពលោក។
ប្រទេសសិង្ហបុរី បានហាមឃាត់ការចូលទៅកាន់ប្រទេសខ្លួន ជាមួយនឹងអ្នកកាន់លិខិតឆ្លងដែនចិន និងជនបរទេសទាំងអស់ដែលមានប្រវត្តិធ្វើដំណើរទៅប្រទេសចិននាពេលថ្មីៗនេះ។ ចំណែក សហរដ្ឋអាមេរិកបានសម្រេចចិត្តបញ្ឈប់ការចូលប្រទេសនេះនៃជនបរទេសដែលបានទៅប្រទេសចិនក្នុងរយៈពេល ១៤ ថ្ងៃ។
កោះសូឡូម៉ុនបានអនុវត្តបទប្បញ្ញត្តិដើម្បីរឹតត្បិតការចូលរបស់មនុស្សណាម្នាក់ដែលបានទៅប្រទេសដែលមានករណីឆ្លងវីរុសនេះ ខណៈប្រទេសជប៉ុន និងកូរ៉េខាងត្បូង ក៏បានចាត់វិធានការស្រាល និងរារាំងភ្ញៀវទេសចរពីខេត្តហ៊ូប៉ី ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើង។
នាយករដ្ឋមន្រ្តីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចាបាននិយាយជាសាធារណៈម្តងហើយម្តងទៀតទៅកាន់សាធារណជនចាប់តាំងពីពេលចាប់ផ្តើមនៃការផ្ទុះជំងឺនេះថា «យើងកំពុងគ្រប់គ្រងស្ថានការណ៍បាន ១០០ ភាគរយហើយ»។ គិតត្រឹមថ្ងៃអាទិត្យនេះ ប្រទេសថៃបានរាយការណ៍ថាមានករណីឆ្លងសរុបចំនួន ៣២ ករណី ក្នុងចំណោមករណីនៅខាងក្រៅប្រទេសចិន។
យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថាព្រះរាជាណាចក្រថៃ ស្ថិតនៅលំដាប់ទី ៦ ក្នុងចំណោម ១៩៥ប្រទេស សម្រាប់សន្តិសុខសុខាភិបាលរឹងមាំបំផុតនិងខ្ពស់ជាងគេនៅអាស៊ី។
ការពឹងផ្អែកខ្ពស់របស់សេដ្ឋកិច្ចថៃ ទៅលើទេសចរចិនគឺជាហេតុផលមួយទៀតនៃការបើកទ្វារចំហរនេះ។ ភ្ញៀវទេសចរចិនប្រមាណ ១០,៩៩ លាននាក់បានមកលេងប្រទេសថៃក្នុងឆ្នាំ ២០១៩ ដែលធ្វើអោយព្រះរាជាណាចក្រនេះក្លាយជាទិសដៅទេសចរណ៍ដែលគេចូលចិត្តជាងគេនៅលើពិភពលោក។
ជាងមួយភាគបួននៃចំនួនភ្ញៀវទេសចរសរុបមកពីប្រទេសចិន និងការចំណាយរបស់ពួកគេគឺមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចថៃ ដោយសារវិស័យទេសចរណ៍មានប្រហែល ២០% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន៕ ប្រែសម្រួលៈ ណៃ តុលា