ព័ត៌មានអន្តរជាតិ

ពួកឧទ្ទាម គាំទ្រ ដោយតួកគី បាញ់ទម្លាក់ឧទ្ធម្ភាគចក្រ រដ្ឋាភិបាលស៊ីរី នៅភាគពាយព្យប្រទេស

បរទេស ៖ ពួកឧទ្ទាមស៊ីរីគាំទ្រ ដោយតួកគី បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ មួយគ្រឿង ដែលគេជឿថា ជាកម្មសិទ្ធិរបស់រដ្ឋាភិបាលស៊ីរី នៅទីក្រុង Nairab ក្នុងប្រទេសស៊ីរី ភាគពាយព្យ ស្របពេលដែលជម្លោះ នៅតែបន្តកើតមាននៅក្នុងតំបន់ នេះបើយោងតាមសេចក្តី រាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយតួកគី TRT Haber នៅថ្ងៃអង្គារ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋតួកគីនោះ មិនបានផ្តល់សេចក្តីលម្អិត បន្ថែមទៀតនោះទេ ហើយការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រនេះ បានកើតមានឡើង ក្រោយមួយថ្ងៃ បន្ទាប់ពីកង កម្លាំងរដ្ឋាភិបាលស៊ីរី សម្លាប់ទាហានតួកគី៥នាក់ នៅក្នុងប្រទេសស៊ីរី ភាគពាយព្យ បង្កឲ្យមានការសងសឹក ពីកងទ័ពតួកគីនៅក្នុងតំបន់ ។

ប៉ុន្តែមេបញ្ជាការពួកឧទ្ទាម ដែលគាំទ្រដោយតួកគីពីររូប បាននិយាយប្រាប់ឲ្យដឹង នៅថ្ងៃអង្គារនេះថា យន្តហោះយោធាស៊ីរីនោះ ត្រូវបានបាញ់ទម្លាក់ ខាងត្បូងទីក្រុង Idlib ជាទីដែលពួកឧទ្ទាមស៊ីរី កំពុងតែធ្វើប្រតិបត្តិការវាយសម្រុក ដោយមានការគាំទ្រ ដោយកាំភ្លើងធំតួកគី នៅជិតក្រុង Nairab ដើម្បីបណ្ដេញកងកម្លាំងដឹកនាំដោយរុស្ស៊ី ៕
ប្រែសម្រួល៖ប៉ាង កុង

To Top