ព័ត៌មានអន្តរជាតិ

ស៊ុយអែត ផ្តល់ជំនួយលើក កម្ពស់តម្លាភាព និងគណនេយ្យភាព នៅកម្ពុជា តាមរយៈអង្គការតម្លាភាព

ភ្នំពេញ ៖ ស្ថានទូតស៊ុយអែត ប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះកិច្ចព្រមព្រៀងថ្មីជាមួយ អង្គការតម្លាភាពកម្ពុជា ដើម្បីផ្តល់មូលនិធិគាំទ្រ ដល់ការងារពង្រឹងតម្លាភាព និងគណនេយ្យភាព នៅកម្ពុជានូវចំនួនទឹកប្រាក់ ប្រមាណជាជិត ៣លានដុល្លារ ក្នុងរយៈពេល៣ឆ្នាំ (២០២០ដល់២០២២)។

សកម្មភាពជួយរបស់ស៊ុយអ៊ែត មានគោលបំណងបង្កើន អនុលោមភាពចំពោះច្បាប់ ប្រឆាំងអំពើពុករលួយ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតស៊ុយអែត ប្រចាំកម្ពុជាបានឲ្យដឹងថា សហភាពអឺរ៉ុប និងស៊ុយអែត សហការជាមួយស្ថាប័នដៃគូនៅកម្ពុជា ដើម្បីពង្រឹងតម្រូវការ និងការផ្គត់ផ្គង់តម្លាភាព និងគណនេយ្យភាព នៅក្នុងវិស័យសាធារណៈកម្ពុជា។កិច្ចការនេះ ត្រូវបានអនុវត្តតាមរយៈ កម្មវិធីភាពជាដៃគូដើម្បីគណនេយ្យភាព និងតម្លាភាពកម្ពុជា ឆ្នាំ២០២០-២០២២។

លោក Magnus Saemundsson ប្រធានស្តីទីផ្នែកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍អន្ដរជាតិរបស់ស្ថានទូត ស៊ុយអែត មានប្រសាសន៍ថា តម្លាភាព និងគណនេយ្យភាពនៅក្នុងសេចក្ដីសម្រេចចិត្ត ការបែងចែកធនធាន និងការផ្តល់សេវាសាធារណៈ ពិតជាមានសារៈសំខាន់សម្រាប់លទ្ធិប្រជាធិបតេយ្យ និងការការពារសិទ្ធិមនុស្ស។

លោកបន្ដថា «យើងជឿថា កម្មវិធីភាពជាដៃគូដើម្បីគណនេយ្យភាព និងតម្លាភាព រួមជាមួយស្ថាប័នដៃគូនៅកម្ពុជាជំនាញរបស់អាជ្ញាធរស៊ុយអែត នឹងរួមចំណែកជាវិជ្ជមាន លើទិដ្ឋភាពជាច្រើននៅកម្ពុជា ដូចជា ៖ ការប្រឆាំងអំពើពុករលួយការរស់នៅរបស់ប្រជាជន និងបរិយាកាសអាជីវកម្មជាដើម។កម្មវិធីនេះ មានគោលដៅស្របគ្នានឹងការងារអាទិភាព ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា»។

លោកបន្ថែមថា តួនាទីរបស់អង្គការ តម្លាភាពកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងជុំវិញ បញ្ហាពុករលួយដែលជា ឧបសគ្គរាំងស្ទះកិច្ចអភិវឌ្ឍ សង្គមកម្ពុជា។ជំនួយថវិកាដែលផ្តល់ទៅឲ្យតម្លាភាពតម្លាភាពកម្ពុជា នឹងរួមចំណែកដល់ ការអនុវត្តផែនការយុទ្ធសាស្ដ្រ រយៈពេល ៣ ឆ្នាំ២០២០-២០២២។

ដោយឡែក លោក ព្រាប កុល នាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា បានថ្លែងថា «ការបង្កើនគណនេយ្យភាព និងតម្លាភាព តាមរយៈការតស៊ូមតិ និងកិច្ចសន្ទនាដោយផ្អែកលើភស្ដុតាង និងការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាមូលដ្ឋានគ្រឹះនៅក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងប្រទេសកម្ពុជា»។

សូមរំលឹកថា កម្មវិធីភាពជាដៃគូដើម្បីគណនេយ្យភាព និងតម្លាភាព ត្រូវបានរៀបចំឡើងដើម្បីបំពេញបន្ថែម ដល់ជំនួយគាំទ្រផ្នែកថវិកា សាធារណៈរបស់សហភាពអឺរ៉ុប ដើម្បីធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការផ្តល់ជំនួយបច្ចេកទេសដល់ស្ថាប័នរដ្ឋដែលធ្វើការ លើការងារប្រមូលពន្ធ ការងារស្ថិតិ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តម្លាភាព និងគណនេយ្យភាព៕

ដោយ ៖ អេង ប៊ូឆេង

To Top