បរទេស ៖ ក្រុមរដ្ឋឥស្លាមជ្រុលនិយម បាននិយាយនៅថ្ងៃអង្គារថា ខ្លួនគឺជាអ្នកនៅពីក្រោយការ វាយប្រហារកាលពីថ្ងៃអាទិត្យ ទៅលើបន្ទាយយោធា របស់ប្រទេសអាល់ហ្សេរីមួយកន្លែង ស្ថិតនៅជិតព្រំដែនជាប់ប្រទេសម៉ាលី សម្លាប់ទាហានមួយរូប ។
យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមពួកសកម្មប្រយុទ្ធ បានបញ្ជូន អ្នកបំផ្ទុះគ្រាប់ម្នាក់ ជិះរថយន្តផ្ទុកគ្រាប់បែក តែអ្នកយាមបានឃាត់ឲ្យឈប់ នៅមុនពេលបានចូលទៅខាងក្នុង ហើយការបំផ្ទុះគ្រាប់នោះ បានសម្លាប់បុរសពីរនាក់។
ប្រទេសអាលហ្សេរី ក៏ដូចជាប្រទេសដទៃនានា នៅក្នុងតំបន់សាហេល និងសាហារ៉ាដែរ គឺកំពុងមានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីការប្រឈមមុខ នឹងពួកសកម្មប្រយុទ្ធ ដែលកំពុងតែឆ្លៀតឱកាសពីជម្លោះកំពុងតែក្តៅឡើង ក្នុងប្រទេសលីប៊ី និងភាពចលាចលក្នុងប្រទេសម៉ាលី ដើម្បីធ្វើការពង្រីក វត្តមានរបស់ខ្លួន ៕
ប្រែសម្រួល៖ប៉ាង កុង