បរទេស៖ លោក Yoshiro Mori ប្រធានគណៈកម្មាធិការរៀបចំ ការប្រកួតកីឡាអូឡាំពិក និងកីឡាប៉ារ៉ាឡាំពិក ទីក្រុងតូក្យូបាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុន មិនបានពិចារណាក្នុងការ លុបចោលឬពន្យារពេល នៃការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ ជុំវិញការផ្ទុះវីរុសថ្មីនេះទេ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២០ នឹងត្រូវប្រារព្ធធ្វើនៅទីក្រុងតូក្យូចាប់ពីថ្ងៃទី ២៤ ខែកក្កដា ដល់ថ្ងៃទី ៩ ខែសីហា។
លោក Mori បាននិយាយនៅក្នុងកិច្ចប្រជុំមួយ ជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលបានដកស្រង់សម្តីដោយ ទីភ្នាក់ងារសារព័ត៌មានក្យូដូថា “ ខ្ញុំចង់បញ្ជាក់ម្តងទៀតថា ការលុបចោល ឬការពន្យារពេលនៃព្រឹត្តិការណ៍ អូឡាំពិកមិនត្រូវបានគេពិចារណាទេ” ។
យោងតាមមន្រ្តីរូបនោះ អ្នករៀបចំនឹងធ្វើការជាមួយ រដ្ឋាភិបាលនិងឆ្លើយតប ដោយស្ងប់ស្ងាត់ចំពោះបញ្ហាណាមួយ ដែលទាក់ទងនឹងការរីករាលដាលនៃជំងឺនេះ។
សូមជម្រាបថា វីរុសថ្មីនេះត្រូវបានគេរកឃើញដំបូង នៅទីក្រុងវូហានរបស់ចិនកាលពីចុងខែធ្នូ ហើយចាប់តាំងពីពេលនោះ មកវាបានរាលដាលដល់ជាង ២៥ ប្រទេសផ្សេងទៀត។ ការរាតត្បាតនេះបានធ្វើឱ្យមនុស្សជាង ១៣០០នាក់ ស្លាប់នៅក្នុងប្រទេសចិនរួចទៅហើយ។
ប្រទេសជប៉ុនបានចុះបញ្ជី ករណីឆ្លងវីរុសថ្មីដែលត្រូវបាន បញ្ជាក់ចំនួនជាង ២០០ ករណីរួមទាំងមនុស្ស ២១៨ នាក់នៅលើនាវាដឹកនាវាទេសចរណ៍ Diamond Princess នៅទីក្រុង Yokohama ៕
ប្រែសម្រួលៈ ណៃ តុលា