បរទេស ៖ យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋមន្ត្រីសុខាភិបាលជប៉ុន លោក កាតស៊ុណូប៊ុ កាតុ បានមានប្រសាសន៍ថា ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ពីករណីស្លាប់ បណ្ដាលពីកូរ៉ូណាវីរុស ជាលើកដំបូង ។
ជនរងគ្រោះ យោងតាមសម្តី របស់លោករដ្ឋមន្ត្រីសុខាភិបាលជប៉ុនរូបនេះ គឺជាស្ត្រីមួយរូប ស្ថិតក្នុងវ័យ៨០ឆ្នាំ ដែលកំពុងរស់នៅក្នុងខេត្ត កាណាហ្គាវ៉ា ដែលមានព្រំប្រទល់ ជាប់នឹងទីក្រុងតូក្យូ ប៉ុន្តែលោក មិនបានផ្តល់សេចក្តីលម្អិតបន្ថែមទៀត ស្តីពីករណីស្លាប់នេះនោះទេ ។
គួរបញ្ជាក់ថា មកដល់ថ្ងៃព្រហស្បតិ៍នេះ ខេត្តចិនជាទីផ្ទុះឡើងនៃវីរុសឆ្លងកូរ៉ូណា បានរាយការណ៍ពីកំណត់ត្រា អ្នកស្លាប់កើនឡើង ហើយមានករណីកូរ៉ូណាវីរុសជាច្រើនពានទៀត កំពុងតែស្ថិតក្រោមការធ្វើរោគវិនិច្ឆ័យ បង្កឲ្យមានមន្ទិលសង្ស័យថ្មី កើនឡើងអំពីទំហំនៃវិបត្តិជម្ងឺឆ្លងនេះ ៕
ប្រែសម្រួល៖ប៉ាង កុង