ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់សម្លាប់មន្ត្រីម្នាក់ ដែលទៅបន្ទប់ទឹកសាធារណៈ អំឡុងពេលគាត់កំពុង ត្រូវដាក់ឱ្យនៅដាច់ពីគេ

បរទេស៖ មន្រ្តីពាណិជ្ជកម្មកូរ៉េខាងជើងម្នាក់ ត្រូវបានបាញ់សម្លាប់ បន្ទាប់ពីគាត់បានទៅបន្ទប់ទឹក សាធារណៈ អំឡុងពេលដែលគាត់ត្រូវបានគេដាក់ឱ្យនៅដាច់ពីគ្នា សម្រាប់ការប្រុងប្រយ័ត្ន ចំពោះមេរោគរលាកសួត Covid-19នេះ។

យោងតាមសារព័ត៌មាន NATIONAL POST ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយយោងតាមការរាយការណ៍ពីកាសែត Dong a Ilbo និងសារព័ត៌មាន Daily Mail ថា មន្រ្តីពាណិជ្ជកម្មរូបនេះត្រូវបាន គេដាក់ឱ្យនៅដាច់ដោយឡែក ពីគេ បន្ទាប់គាត់បានធ្វើដំណើរ ទៅប្រទេសចិន។

ការប្រហារជីវិតមន្រ្តីរូបនេះ កើតឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន បានចេញក្រឹត្យមួយថា ប្រទេសនេះនឹង “គ្រប់គ្រងដោយច្បាប់យោធា” ប្រឆាំងនឹងជនណាដែលបានចាកចេញដោយគ្មានការយល់ព្រម។ 

វាត្រូវបានគេរាយការណ៍ថា ប្រទេសនេះមានបំណងចង់ចៀសផុតពីវីរុសនោះគឺត្រូវចំណាយគ្រប់បែបយ៉ាង, ការដាក់ដាច់ឆ្ងាយពីនរណាម្នាក់ដែលបានធ្វើដំណើរទៅប្រទេសចិន ឬមានទំនាក់ទំនងជាមួយប្រជាជនចិន។

ដោយឡែក កូរ៉េខាងជើង ក៏ត្រូវបានគេរាយការណ៍ផងដែរថា មន្រ្តីម្នាក់ទៀតដែលបានព្យាយាម លាក់បាំងការធ្វើដំណើររបស់គាត់ទៅកាន់ប្រទេសចិនត្រូវបានគេ និរទេសទៅកសិដ្ឋានមួយនៅក្នុងប្រទេស៕

ប្រែសម្រួលៈ ណៃ តុលា

To Top