ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អួតអំពីសម្ព័ន្ធភាព ក្នុងតំបន់ ដើម្បីប្រឆាំងអាមេរិក និងអ៊ីស្រាអែល

បរទេស៖ មេបញ្ជាការ កងកំលាំងឆ្មាំបដិវត្ត ឥស្លាមអ៊ីរ៉ង ឧត្តមសេនីយ៍ Amir-Ali Hajizadeh បានអំពាវនាវដល់ដៃគូអ៊ីរ៉ង់ ក្នុងសម្ព័ន្ធភាពក្រៅផ្លូវការ Axis of Resistance (សម្ព័ន្ធភាពនយោបាយរវាងអ៊ីរ៉ង់ រដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាមហេស្បូឡា នៅលីបង់) ដើម្បីរួមគ្នាកម្ចាត់អាមេរិក និងអ៊ីស្រាអែល។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងទៅកាន់ទូរទស្សន៍ Houthi al-Masirah ដែលគាំទ្រប្រទេសយេម៉ែន លោកឧត្តមសេនីយ៍ Hajizadeh បាននិយាយថា“ ប្រទេសទាំងអស់នៃ Axis of Resistance , យើងត្រូវតែរួមដៃគ្នាដើម្បីទាត់កងទ័ពអាមេរិកចេញពីតំបន់នេះ និងបំផ្លាញរបប Zionist ។

ដោយអួតអំពីអំណាចដែលកំពុងកើនឡើងនៃសម្ព័ន្ធមិត្ត មេបញ្ជាការរូបនេះបាននិយាយថា“ សព្វថ្ងៃនេះយើងមិនត្រឹមតែមាន Axis of Resistance របស់អ៊ីរ៉ង់ប៉ុណ្ណោះទេ។ ផ្ទុយទៅវិញវិសាលភាពនៃ សម្ព័ន្ធភាពនេះ បានលាតសន្ធឹងពីសមុទ្រក្រហមរហូតដល់សមុទ្រមេឌីទែរ៉ាណេ និងពីចលនា Ansar Allah របស់យេម៉ែនរហូតដល់ ពួកហេសបូឡា នៅប្រទេសលីបង់ ថែមទៀត។

ចំណែកអត្ថាធិប្បាយអំពីការ វាយប្រហារមីស៊ីលអ៊ីរ៉ង់ កាលពីខែមុន ប្រឆាំងនឹងកងទ័ពអាមេរិកនៅអ៊ីរ៉ាក់ឆ្លើយតប នឹងការសម្លាប់មេបញ្ជាការជាន់ខ្ពស់ អ៊ីរ៉ង់នៅទីក្រុងបាកដាដ ឧត្តមសេនីយ៍ Hajizadeh ថា ការវាយប្រហារនេះបានធ្វើឱ្យ ខូចខាតដល់កេរ្តិ៍ឈ្មោះរបស់អាមេរិក ដែលជាមេដឹកនាំកំពូលមួយក្នុងតំបន់៕

ប្រែសម្រួលៈ ណៃ តុលា

To Top