ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការយូអិន ជំរុញឲ្យមានភាពអត់ធ្មត់ជាអតិបរិមា ជុំវិញបញ្ហាជម្លោះតំបន់កាស្មៀរ

បរទេស៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ បានអំពាវនាវ ឲ្យមានភាពអត់ធ្មត់ជាអតិបរិមា ពីប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន ចំពោះបញ្ហាតំបន់កាស្មៀរ និងបានស្នើសុំជួយសម្របសម្រួល ចំពោះជម្លោះនោះ ហើយការជំរុញនេះ គឺធ្វើឡើងក្រោយ៦ខែ បន្ទាប់ពីទីក្រុងញូដេលី បានដកស្វ័យភាពរបស់តំបន់នោះ។

លោក Guterres បានធ្វើការថ្លែងយ៉ាងដូច្នេះថា នៅក្នុងជំនួបកំពូលស្តីពីជនភៀសខ្លួន នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន នៅក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក ហើយកាលពីថ្ងៃចន្ទម្សិលមិញនេះ លោកក៏បានជួប ជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan នៅក្នុងព្រឹត្តិការណ៍នោះផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកំណើននៃភាពតានតឹង ដែលយើងបានឃើញកាលពីឆ្នាំមិញ។ ខ្ញុំបានសង្កត់ធ្ងន់ដដែលៗ លើសារសំខាន់ នៃការអនុវត្តភាពអត់ធ្មត់កម្រិតអតិបរិមា និងរកវិធីបន្ថយភាពតានតឹង ទាំងផ្នែកយោធានិងពាក្យសម្តី ទន្ទឹមនឹងការលើកឡើង ពីសំណើរបស់ខ្ញុំ អនុវត្តកិច្ចការដ៏ល្អរបស់ខ្ញុំ ប្រសិនបើភាគីទាំងពីរស្នើសុំ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top