បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងថា លោកនឹងបន្តរស់នៅក្នុងផ្ទះមួយ ក្នុងមូលដ្ឋានកងទ័ព សម្រាប់ហេតុផលសន្តិសុខ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធថា «ខ្ញុំបានបម្រើប្រទេសនេះ ពេញមួយជីវិតរបស់ខ្ញុំ។ ដោយមិនគិតពីបទបញ្ជា, ខ្ញុំនៅតែធ្វើការសព្វថ្ងៃនេះ។ សំខាន់បំផុតនោះ ខ្ញុំជានាយករដ្ឋមន្រ្តី ហើយបញ្ហាសន្តិសុខគឺជារឿងចាំបាច់។ វាជាការសំខាន់ណាស់ដែល មានកន្លែងសមស្របសម្រាប់មេដឹកនាំប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីផ្លាស់ទៅកន្លែងផ្ទាល់របស់ខ្ញុំ»។
ការលើកឡើងរបស់លោក បានធ្វើឡើងបន្ទាប់ពីមេ បញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ Apirat Kongsompong បានប្តេជ្ញាថា នឹងសម្អាតសកម្មភាពមិនសមរម្យ បន្ទាប់ពីការបង្ហូរឈាមនៅខេត្ត Nakhon Ratchasima កាលពីថ្ងៃទី ៨ ខែកុម្ភៈ។
ការជំរុញនៃការទាស់ទែងគ្នានេះ ត្រូវបានគេជឿថា បានមកពីប្រាក់កម្ចីទិញផ្ទះក្រោមកម្មវិធី សុខុមាលភាពរបស់កងទ័ព ដែលគ្រួសាររបស់មន្រ្តីជាន់ខ្ពស់ មួយចំនួនត្រូវបានគេចោទប្រកាន់ថា បានធ្វើជំនួញចេញពីការចំណាយ របស់អ្នកក្រោមបង្គាប់។
ឧត្តមសេនីយ៍ Apirat បានលើកឡើងជាឧទាហរណ៍ នៃសកម្មភាពបែបនេះគឺការប្រើប្រាស់ កន្លែងស្នាក់នៅដែលផ្តល់ដោយ កងទ័ពដោយទាហាន បន្ទាប់ពីពួកគេបានចូលនិវត្តន៍ ៕
ប្រែសម្រួលៈ ណៃ តុលា