ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល និងអាជ្ញាធរប៉ាឡេស្ទីន ព្រមព្រៀងគ្នាបញ្ចប់ជម្លោះជំនួញ

បរទេស៖ ប្រទេសអ៊ីស្រាអែល និងអាជ្ញាធរប៉ាឡេស្ទីន នាពេលថ្មីៗនេះ ទើបបានឈានដល់ការព្រមព្រៀង គ្នាបញ្ចប់ជម្លោះជំនួញដែលបាន អូសបន្លាយរយៈពេល៥ខែ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលប្រកាសពីកិច្ចព្រមព្រៀងគ្នានោះ ក្រសួងការពារជាតិរបស់ប្រទេសអ៊ីស្រាអែល បាននិយាយប្រាប់ថា ការធ្វើពហិការមិនទិញកូនគោអ៊ីស្រាអែលរបស់ពួកប៉ាឡេស្ទីន ត្រូវបានដកចេញ ហើយអាស្រ័យហេតុនោះ ជំនួញជាមួយប៉ាឡេស្ទីន នឹងត្រូវបានស្តារឡើងវិញជាថ្មី។ 

គួរបញ្ជាក់ថា ជម្លោះដែលបានបើកសមរភូមិថ្មីមួយ នៅក្នុងជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន គឺបានចាប់ផ្តើមនៅក្នុងខែកញ្ញា នៅពេលដែលប៉ាឡេស្ទីន បានប្រកាសអំពីការធ្វើពហិការមិនទិញកូនគោអ៊ីស្រាអែល ហើយអាជ្ញាធរប៉ាឡេស្ទីន បានអនុវត្តច្បាប់គ្រប់គ្រងខ្លួនឯងនេះ នៅក្នុងតំបន់ West Bank ក្រោមកិច្ចព្រមព្រៀងសន្តិភាពបណ្ដោះអាសន្ន៕ 

To Top