ព័ត៌មានអន្តរជាតិ

កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ​ រវាងអាមេរិក និងពួកតាលីបង់ នឹងចុះហត្ថលេខា នាពេលឆាប់ៗនេះ

បរទេស៖ មេដឹកនាំរងរបស់ពួកឧទ្ទាមតាលីបង់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមខ្លួននឹងចុះហត្ថលេខា នាពេលខាងមុខឆាប់ៗនេះ លើកិច្ចព្រមព្រៀងមួយ ជាមួយសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយអំពើហិង្សា សម្រាប់រយៈពេល៧ថ្ងៃ និងបានបន្ថែមថា មេបញ្ជាការសកម្មប្រយុទ្ធនានា បានប្តេជ្ញាទាំងស្រុង ដើម្បីធ្វើការតាមដានលើ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ។

លោក Sirajuddin Haqqani បានសរសេរផ្នែកនៃមតិលើកាសែត New York Time ដូច្នេះថា “ការដែលយើងឈរនៅលើចំណុចក្រសែ នៃកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក នាពេលបច្ចុប្បន្ននេះនោះ មិនមែនជាព្រឹត្តិការណ៍តូចតាចនោះឡើយ” ហើយនេះគឺជាសេចក្តីថ្លែងការណ៍ ជាសាធារណៈដំបូង ធ្វើឡើងដោយមេដឹកនាំពួកតាលីបង់ ស្តីពីកិច្ចព្រមព្រៀងសម្រាប់ការ កាត់បន្ថយអំពើហិង្សា រយៈពេលមួយសប្ដាហ៍។

គួរបញ្ជាក់ថា ជម្លោះប៉ះទង្គិចគ្នារវាង កងកម្លាំងអាហ្វហ្គានីស្ថាន និងកងកម្លាំងប្រយុទ្ធរបស់ពួកតាលីបង់ បាននៅតែបន្ត ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្តីទី របស់ប្រទេសអាហ្វហ្គានីស្ថាន បានមានប្រសាសន៍នៅថ្ងៃអង្គារថា កិច្ចព្រមព្រៀងកាត់បន្ថយអំពើហិង្សា នឹងដាក់ឲ្យអនុវត្តជាធរមាន នៅក្នុងរយៈពេល ៥ថ្ងៃទៀត ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top