តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA បានរាយការណ៍នៅថ្ងៃសុក្រនេះថា អ៊ីរ៉ាក់ បានបិទច្រកព្រំដែនផ្លូវគោក របស់ខ្លួនជាមួយប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃព្រហស្បតិ៍ ក្រោយពីបានរកឃើញថាមានអ្នកជំងឺបង្កឡើងដោយវីរុសកូរ៉ូណា ដែលគេឲ្យឈ្មោះថា COVID-19។
ទីភ្នាក់ងារព័ត៌មាន IRNA បានបញ្ជាក់ថា ជើងហោះហើរអ៊ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍ បានផ្អាកការហោះហើរ ជាមួយប្រទេសអ៊ីរ៉ង់ផងដែរ ដោយសារភ័យការឆ្លងរាលដាលវីរុស ។
ហើយកាលពីថ្ងៃព្រហស្បតិ៍ អ៊ីរ៉ាក់ ក៏បានហាមឃាត់មិនឲ្យពលរដ្ឋអ៊ីរ៉ង់ ចូលមកក្នុងប្រទេសរបស់ខ្លួនផងដែរ និងហាមពលរដ្ឋរបស់ខ្លួនចូលទៅក្នុងទឹកដីអ៊ីរ៉ង់វិញដែរ ។
ការសម្រេចចិត្តនេះបានធ្វើឡើង បន្ទាប់ពីអ៊ីរ៉ង់ បានប្រកាសដែលបានរកឃើញមានករណីចំនួន៥ នៅក្រុង Qom ស្ថិតនៅភាគកណ្តាលប្រទេស ។ អ្នកឆ្លងជំងឺចំនួន០២នាក់បានស្លាប់ ។ យោងតាមក្រសួងសុខាភិបាលអ៊ីរ៉ង់ បានឲ្យដឹងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា