វ៉ាស៊ីនតោន ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សហរដ្ឋអាមេរិកបានឲ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់របស់សហរដ្ឋអាមេរិក បានព្រមានថា រុស្ស៊ី មានបំណងចង់ជួយដល់លោក ដូណាល់ ត្រាំ ដើម្បីទទួលបានការឈ្នះ សន្លឹកឆ្នោត នៅក្នុងខែវិច្ឆិកា ។
ការលើកឡើងដូច្នេះ បានកើតឡើងនៅគ្រា ដែលមានអ្នកនៅជិតស្និទ្ធិបំផុត នឹងគណៈកម្មាធិការស៊ើបអង្កេតសម្ងាត់ ដែលបានជួបប្រជុំគ្នាកាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងមកនេះ ។ កាសែតក្នុងស្រុករបស់សហរដ្ឋអាមេរិក បានចុះផ្សាយយ៉ាងដូច្នេះ ។
លោកប្រធានាធិបតី ត្រាំ បានត្រូវគេរាយការណ៍ឲ្យដឹងថា បានខឹងសម្បារ និងបានត្អូញត្អែរថា ក្រុមប្រជាធិបតេយ្យ នឹងយកព័ត៌មាននេះមកប្រឆាំងមកលើរូបគាត់ ។
គេបានដឹងថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ដូណាល់ ត្រាំ បានដកតំណែងលោក Joseph Maguire ប្រធានស្តីទីស៊ើបអង្កេតសម្ងាត់ ដោយជំនួសអ្នកថ្មីវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា