បរទេស ៖ រដ្ឋាភិបាលចិន តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួននឹងផ្អាកយកពន្ធគយនាំចូល លើផលិតផល សហរដ្ឋអាមេរិកជាច្រើនមុខ ដោយរួមបញ្ចូលទាំងឧបករណ៍វេជ្ជសាស្ត្រ និងបរិក្ឋារវិទ្យាសាស្ត្រនានា ដែលត្រូវការជា ចាំបាច់ក្នុងការប្រឆាំង ទប់ទល់នឹងការផ្ទុះឡើង នៃកូរ៉ូណាវីរុស។
គណៈកម្មាធិការពន្ធគយ នៃក្រុមទីប្រឹក្សារដ្ឋ របស់ប្រទេសចិន បាននិយាយប្រាប់ថា ពន្ធគយ នឹងត្រូវបានលុបចេញ សម្រាប់រយៈពេលមួយឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី២៨តទៅ លើទំនិញនាំចូលពីអាមេរិកផ្សេងៗ ចំនួន៦៥មុខ រួមមានទាំងឧបករណ៍ វិនិច្ឆ័យរោគដ៏សំខាន់ ដែលប្រើប្រាស់ក្នុងការថតស្គែន ដូចជាផ្នែក នៃបញ្ជូនរូបភាពម៉ាញេទិក និងបំពង់កាំរស្មីអ៊ិចជាដើម ។
គួរបញ្ជាក់ថា ឧបករណ៍បញ្ជូនរូប ភាពម៉ាញ៉េទិក បានក្លាយជាឧបករណ៍ដ៏សំខាន់ ក្នុងការធ្វើរោគវិនិច្ឆ័យលើករណីវីរុស COVID-19 ហើយ រហូតមកទល់បច្ចុប្បន្ននេះ មានករណីឆ្លងវីរុសនេះ ចំនួនជិត៧៥.០០០ករណី និងចំនួនអ្នកស្លាប់ចំនួន២.០០០នាក់ នៅក្នុងប្រទេសចិន និងមានចំនួន១.១០០ករណី នៅក្រៅប្រទេសចិន៕
ប្រែសម្រួល៖ប៉ាង កុង