បរទេស៖ កាលពីដើមខែនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានសន្យាថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ នឹងមានប្រតិកម្មជាធម្មតា ចំពោះសមយុទ្ធ ការពារអឺរ៉ុប ឬ Defender Europe 20 ប៉ុន្តែការឆ្លើយតបរបស់រុស្ស៊ី នឹងមិនបង្កើតហានិភ័យ ដែលមិនចាំបាច់នោះទេ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមទាហានអាមេរិក និងផ្នែករឹង នៃយោធាដំបូង បានចាប់ផ្តើមទៅដល់កំពង់ផែ Bremerhaven ភាគខាងជើងប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រ ដើម្បីចូលរួមសមយុទ្ធ Defender Europe 20 របស់អង្គការណាតូ ដែលត្រូវបានយោធា អាមេរិកចាត់ទុកថាជា ការដាក់ពង្រាយកម្លាំងធំបំផុត របស់អាមេរិក នៅមូលដ្ឋានអឺរ៉ុបសម្រាប់ការធ្វើសមយុទ្ធក្នុងរយៈពេលជាង ២៥ ឆ្នាំ។
សមយុទ្ធដឹកនាំដោយសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងកងទ័ពប្រហែល ៣៧.០០០ នាក់ ក្នុងនោះមានបុគ្គលិកអាមេរិកប្រហែល ២០.០០០ នាក់ និងគ្រឿង បរិក្ខារអាមេរិកចំនួន ២០,០០០ ។
ការធ្វើសមយុទ្ធរយៈពេលជាច្រើនខែ ដែលនឹងរួមបញ្ចូលសមយុទ្ធនៅជិតព្រំដែនរុស្ស៊ី ក្នុងប្រទេសប៉ូឡូញ លីទុយអានី អេស្តូនៀ និងប្រទេសឡេតូនី ត្រូវបានសារព័ត៌មានប្រព័ន្ធ ផ្សព្វផ្សាយអាល្លឺម៉ង់មួយ ចំនួនបានពិពណ៌នារួចហើយថា ជា“ ការហាត់សមសម្រាប់ការ វាយលុកប្រឆាំងនឹងប្រទេសរុស្ស៊ី” ក្នុងករណីមានសង្គ្រាម។
មន្ទីរប៉ង់តាហ្គោន បានហៅ Defender Europe 20 ថាជាសមយុទ្ធមួយ ដែលបង្ហាញពីសមត្ថភាព របស់យោធាអាមេរិក ក្នុងការដាក់ពង្រាយកម្លាំង ដ៏ធំមួយដើម្បីគាំទ្រ ណាតូនិងឆ្លើយតប ចំពោះវិបត្តិណាមួយ ៕
ប្រែសម្រួលៈ ណៃ តុលា