បរទេស៖ The Bloomberg នៅថ្ងៃអាទិត្យនេះបានសរសេរថា មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារ សន្តិសុខនៃប្រទេសលីប៊ី បានធ្វើការអំពាវនាវមួយទៅកាន់ សហរដ្ឋអាមេរិកគួរតែបង្កើត មូលដ្ឋានទ័ពរបស់ខ្លួននៅក្នុង ប្រទេសអាហ្វ្រិកខាងជើងមួយនេះ ដើម្បីប្រឆាំងនឹងឥទ្ធិពល ដែលកំពុងកើនឡើងដោយ ប្រទេសរុស្ស៊ីនៅទ្វីបអាហ្វ្រិកទាំងមូល ។
លោក Fathi Bashagha រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលីប៊ី បានធ្វើសេចក្តីថ្លែងការណ៍ ចេញពីទីក្រុងទ្រីប៉ូលី ថារដ្ឋាភិបាលរបស់លោកបាន ស្នើសុំឲ្យមានការកសាង មូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសបន្ទាប់ពី រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Mark Esper បានដាក់ចេញនូវផែនការ ដើម្បីបង្រួមវត្តមានយោធាអាមេរិក នៅលើទ្វីបនេះ និងផ្តោតការដាក់ពង្រាយឡើងវិញ នៅលើពិភពលោកដែល ប្រឈមមុខនឹងរុស្ស៊ី និងចិន។
គួរឲ្យដឹងដែរថា មកដល់ពេលនេះរដ្ឋាភិបាល របស់លោក Bashagha បានបន្តធ្វើការប្រយុទ្ធគ្នា អស់រយៈពេលជាច្រើនខែមកហើយ ជាមួយនឹងកម្លាំងដែលព្យាយាម ដណ្តើមយករដ្ឋធានីដែល ដឹកនាំដោយបុរសខ្លាំង Khalifa Haftar ដែលត្រូវបានស្គាល់គឺជា មនុស្សដែលមានការ គាំទ្រខ្លាំងក្លាដោយទាហាន ស៊ីឈ្នួលរបស់រុស្ស៊ី ៕
ប្រែសម្រួល៖ ស៊ុន លី