ព័ត៌មានអន្តរជាតិ

មនុស្ស ៦នាក់ស្លាប់ និង៧០នាក់របួស នៅជិតកន្លែងពិភាក្សារវាងលោក ត្រាំ និងនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា មូឌី

បរទេស៖ មន្ត្រីប៉ូលីសម្នាក់ និងជនស៊ីវិល ៥ នាក់ បានស្លាប់ និងមានមនុស្សចំនួន ៧០ នាក់ទៀត បានរងរបួស ដោយសារបាតុកររាប់ពាន់នាក់ បានធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ ស្តីពីសញ្ជាតិ ដែលបានធ្វើវិសោធនកម្ម នៅទីក្រុងញូវដែលី កាលពីថ្ងៃច័ន្ទ។ ការធ្វើកុបកម្មនេះ បានកើតឡើងនៅចម្ងាយ ប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ ពីកន្លែងដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ នឹងជួបពិភាក្សា ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា មូឌីនៅថ្ងៃអង្គារនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមរបាយការណ៍ផ្លូវការ មន្ត្រីប៉ូលិសលោក Ratan Lal និងជនស៊ីវិល ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នានៅភាគឦសាន នៃទីក្រុងដេលី។ កំណត់ត្រាបានបង្ហាញថា យ៉ាងហោចណាស់ មានមនុស្សចំនួន ៤៥ នាក់ត្រូវបានអនុញ្ញាតឱ្យចូលមន្ទីរពេទ្យ Guru Teg Bahadur ខណៈ ១៥ នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងមន្ទីរពេទ្យ Jag Parvesh ក្នុងទីក្រុងដេលី។ មន្រ្តីប៉ូលិសចំនួន ៦ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Max ក្នុងស្ថានភាពធ្ងន់ធ្ងរ។

ក្រុមបាតុករបានធ្វើការតវ៉ាធំៗ នៅក្នុងទីក្រុងដេលី ចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៩ បន្ទាប់ពីរដ្ឋាភិបាលរបស់លោក មូឌី បានធ្វើវិសោធនកម្មច្បាប់ ស្តីពីសញ្ជាតិដែលមានអាយុកាល ៦ ទសវត្ស មកហើយនោះ។

ច្បាប់ស្តីពីសញ្ជាតិ ដែលបានធ្វើវិសោធនកម្មផ្តល់សញ្ជាតិ ដល់ជនមិនមែនមូស្លីម មកពីប្រទេសជិតខាង ដែលកាន់សាសនាឥស្លាមបី គឺប៉ាគីស្ថាន អាហ្វហ្គានីស្ថាន និងបង់ក្លាដែស។

ប្រជាជនម៉ូស្លីម បានចោទប្រកាន់រដ្ឋាភិបាលថា បានធ្វើឱ្យអន្តរាយដល់ប្រពៃណីទំនៀមទំលាប់ ហើយបានស្នើសុំឱ្យធ្វើច្បាប់ម្តងទៀត ដើម្បីបញ្ចូលសិទ្ធិទទួលបានសញ្ជាតិ សម្រាប់ពលរដ្ឋមូស្លីម៕ ប្រែសម្រួលៈ ណៃ តុលា

To Top