ព័ត៌មានអន្តរជាតិ

អឺរ៉ុប អង់គ្លេស ចិន និងរុស្ស៊ី នឹងជួបអ៊ីរ៉ង់នៅទីក្រុងវីយែន ក្នុងខែកុម្ភៈនេះ

បរទេស៖ ប្រទេសចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ និងអង់គ្លេស នឹងជួបគ្នាជាមួយអ៊ីរ៉ង់ នៅក្នុងទីក្រុងវីយែន នាថ្ងៃទី២៦ ខែកុម្ភៈនេះ ដើម្បីពិភាក្សា រកវិធីរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ជាមួយទីក្រុងតេអេរ៉ង់ នេះបើយោងតាមសម្តី របស់គណៈកម្មាធិការអឺរ៉ុប និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃចន្ទនេះ។

តាមធម្មតា ប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៤ ខែមករា ពីបទបំពានលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធឆ្នាំ២០១៥ ដែលមានគោលដៅ ទប់ស្កាត់កម្មវិធីនុយក្លេអ៊ែ របស់ទីក្រុងតេអេរ៉ង់ ហើយការរំលោភបំពាននោះ អាចនឹងនាំទៅរកការដាក់ជាថ្មី នូវទណ្ឌកម្មអង្គការសហប្រជាជាតិ ដែលបានលើកលែង ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១៥។

គួរបញ្ជាក់ថា មន្ត្រីការទូតជាន់ខ្ពស់ របស់សហភាពអឺរ៉ុប លោក Josep Borrell បានមានប្រសាសន៍ ក្នុងអំឡុងធ្វើទស្សនកិច្ចទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី០៤ ខែកុម្ភៈថា សហភាពអឺរ៉ុប នឹងបន្តអូសបន្លាយពេលកំណត់ ដើម្បីធ្វើការដោះស្រាយជម្លោះ នៅក្នុងកិច្ចព្រមព្រៀង ដើម្បីចៀសវៀង មិនចាំបាច់ធ្លាក់ដល់ដៃ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ឬក៏បង្កឲ្យមានទណ្ឌកម្មថ្មី៕ ប្រែសម្រួល៖ប៉ាង កុង

To Top